ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ភាពជាដៃគូសម្រាប់កម្ពុជាមានសុខភាពល្អ៖ ជំរុញការពារជំងឺ ការរកឃើញជំងឺឆាប់រហ័ស និងភាពធន់សុខភាពសាធារណៈ»។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតវេទិកាសម្រាប់ការចែករំលែកចំណេះដឹង បទពិសោធន៍ និងការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីរួមគ្នាពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំ និងមានភាពធន់ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការជំងឺ ការរកឃើញជំងឺនៅដំណាក់កាលដំបូង និងការផ្តល់សេវាព្យាបាលឱ្យបានទាន់ពេលវេលា។ គោលដៅទាំងនេះស្របតាមផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ និងផ្តល់អនុសាសន៍គន្លឹះសំខាន់ៗចំនួន៤ ដើម្បីជំរុញការអភិវឌ្ឍវិស័យសុខាភិបាល និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ រួមមាន៖ ១)ការពង្រឹង ការបង្ការ និងលើកកម្ពស់សុខភាព ២)ការជំរុញការរកឃើញជំងឺឱ្យបានឆាប់រហ័ស និងការពិនិត្យស្វែងរកជំងឺ ៣)ការជំរុញនវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប ៤)ការពង្រឹងភាពជាដៃគូរវាងវិស័យរដ្ឋ និងវិស័យឯកជន។
សិក្ខាសាលានេះក៏ជាឱកាសដ៏មានសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហការរវាងក្រសួងសុខាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន ដើម្បីស្វែងរកដំណោះស្រាយរួម និងកំណត់ទិសដៅអាទិភាពសម្រាប់ការវិនិយោគលើការបង្ការជំងឺ ការរកឃើញជំងឺនៅដំណាក់កាលដំបូង និងការពង្រឹងប្រព័ន្ធសុខាភិបាលឱ្យមានភាពធន់ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសុខភាពនាពេលអនាគត។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល ព្រមទាំងតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្រុមហ៊ុន Abbott អង្គការ KHANA, JICA, FHI 360, Jhpiego, AHF, CHAI, RHAC និងអង្គការដៃគូពាក់ព័ន្ធជាច្រើនទៀត។