ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារលើកកម្ពស់គុណភាព បានដឹកនាំកិច្ចប្រជុំ របស់ក្រុមការងារលើកកម្ពស់គុណភាព នៅទីស្តីការក្រសួងសុខាភិបាល ដែលមានអ្នកចូលរួមផ្ទាល់ ចំនួន ២០នាក់ និងតាមរយៈប្រព័ន្ធអនឡាញ (ZOOM) ចំនួន ៧៦ នាក់។
កិច្ចប្រជុំនេះមានគោលបំណងក្នុងការតាមដាន និងពិនិត្យលើវឌ្ឍនភាព នៃការងារកែលម្អគុណភាព សម្រាប់ការផ្តល់សេវាសុខាភិបាល ព្រមទាំងជួយគាំទ្រការពង្រឹងគុណភាព ដោយក្រុមការងារគាំទ្រការពង្រឹងគុណភាព នៃការផ្តល់សេវាសុខាភិបាល របស់ការិយាល័យធានាគុណភាព នៃនាយកដ្ឋានសេវាសុខភាព ក្រសួងសុខាភិបាល បានធ្វើបច្ចុប្បន្នភាពស្ដីពី ផែនការលើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺសម្រាប់មន្ទីរពេទ្យ។ ការចែករំលែកបទពិសោធន៍ ស្តីពីវឌ្ឍនភាព និងគន្លឹះនៃភាពជោគជ័យ ក្នុងកិច្ចការកែលម្អគុណភាព និងបញ្ហាប្រឈម ដើម្បីក្រុមការងារគាំទ្រស្តង់ដាណែនាំ និងពង្រឹងបន្ថែម។ បន្ថែមពីនេះ ក៏បានតាមដាននូវវឌ្ឍនភាពស្តីពី ការពេញចិត្តរបស់អតិថិជន ក្នុងការផ្តល់សេវាសុខាភិបាលទូទាំងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្រ្តាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារលើកកម្ពស់គុណភាព ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលជាសមាជិកក្រុមការងារលើកកម្ពស់គុណភាព សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជនកម្ពុជា គណៈវិជ្ជាជីវៈទាំង៥ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាលរាជធានី ខេត្ត ក្រុមអ្នកវាយតម្លៃថ្នាក់មន្ទីរសុខាភិបាលរាជធានី ខេត្ត ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងអង្គការដៃគូអភិវឌ្ឍន៍។