Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «ត្រូវបង្កើនសារអប់រំសុខភាពផលប៉ះពាល់ ហាមឃាត់ការផ្សាយ និងអនុវត្តវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅទីកន្លែងសាធារណៈ»
ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ  ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ បានដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីគោលបំណងអំពីកិច្ចប្រជុំនាពេលនេះ ដើម្បីធ្វើបច្ចុប្បន្នភាព ការអនុវត្តការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ដល់សមាជិក គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងរៀបចំសកម្មភាពអាទិភាពសម្រាប់អនុវត្តបន្ត ដែលជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង នៅកម្ពុជា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពដូចជា ការប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់យុវវ័យ និងជំងឺមហារីក ព្រមទាំងបណ្តាលឱ្យអ្នកប្រើប្រាស់ ងាយញៀនដោយសារធាតុញៀន ក៏អាចជាការបើកផ្លូវឱ្យយុវជនទៅប្រើប្រាស់ផលិតផលថ្នាំជក់ និងគ្រឿងញៀនផ្សេងទៀតផងដែរ។ 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមអំពាវនាវ ដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាជំរុញការអនុវត្តកម្មវិធីត្រួតពិនិត្យផលិតផលថ្នាំជក់ និងការពារប្រជាជនពីបារីអេឡិចត្រូនិកឱ្យមានប្រសិទ្ធភាព ដោយ៖

១. រាជធានី ខេត្ត ជំរុញការហាមឃាត់ការជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ បង្កើតទីក្រុង ស្រុក ឃុំ គ្មានផ្សែងផលិតផលថ្នាំជក់ ទេសចរណ៍គ្មានផ្សែងផលិតផលថ្នាំជក់ឱ្យកាន់តែទូលំទូលាយ ដោយបិទស្លាកហាមជក់បារីនៅតាមទីកន្លែងធ្វើការ និងទីកន្លែងសាធារណៈ និងអប់រំណែនាំអ្នកប្រើប្រាស់ បង្កើតជាបរិបទសង្គម ដែលគ្មានផ្សែងផលិតផលថ្នាំជក់។

២. ជំរុញការទប់ស្កាត់ និងហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហករថ្នាំជក់គ្រប់ប្រភេទ

៣. តាមដានការអនុវត្តច្បាប់ និងពង្រឹងសមត្ថភាព ដំណើរការរបស់មន្ត្រីអធិការកិច្ចផលិតផលថ្នាំជក់ជាពិសេសក្នុងរាជធានីខេត្ត និងអប់រំអ្នកលក់ដូរចែកចាយ និងអនុវត្តវិធានការច្បាប់។

៤. តាមដាន ទប់ស្កាត់ការលក់ ចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក នៅតាមទីតាំងផ្សេងៗ ក្នុងដែនសមត្ថកិច្ចរបស់ថ្នាក់ក្រោមជាតិ និងស្ថាប័នពាក់ព័ន្ធ។ 

៥. សមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័ន្ធពាក់ព័ន្ធត្រូវគោរពតាមច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដោយមិនទទួលការឧបត្ថម្ភពីឧស្សាហកម្មថ្នាំជក់។ 

៦. រាជធានី ខេត្ត ត្រូវជំរុញការបង្កើតអនុគណៈកម្មាធិការត្រួតពិនិត្យផលិតថ្នាំជក់ថ្នាក់រាជធានី ខេត្ត ដើម្បីជំរុញការអនុវត្តច្បាប់ និងការអប់រំ កាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់។

៧. ជំរុញការប្រឹក្សាលះបង់ទម្លាប់ជក់បារីនៅតាមមណ្ឌលសុខភាព ដោយមានការជួយជំរុញពីមេភូមិ អាជ្ញាធរ ដែនដី ដើម្បីគាំទ្រអ្នកប្រើប្រាស់ផលិតផលថ្នាំ ជក់លះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ដើម្បីបង្ការជំងឺមិនឆ្លង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19