សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ
ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៤
សៀមរាប៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទី នៅសណ្ឋាគារអេមព្រីសអង្គរ រីសត និងស្ប៉ា នៃខេត្តសៀមរាប ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងឯកឧត្តម យក់ ប៊ុណ្ណា រដ្ឋលេខាធិការប្រចាំក្រសួងមុខងារសាធារណៈ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការពិគ្រោះយោបល់ជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលមានរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០២៤ អមដោយឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ រួមទាំងប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិក នៃមន្ទីរសុខាភិបាល ប្រធានការិយាល័យស្រុកប្រតិបត្តិរាជធានី-ខេត្ត ប្រធានមន្ទីរពេទ្យបង្អែកស្រុក ប្រធានមណ្ឌលសុខភាព និងតំណាងគណៈវិជ្ជាជីវៈសុខាភិបាល សរុបមានចំនួន ១៤៦នាក់។
ក្នុងក្របខណ្ឌជាលេខាធិការដ្ឋាន របស់គណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ក្រសួងមុខងារសាធារណៈ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងពិគ្រោះយោបល់ និងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់រៀបចំបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ។
សមាសភាពវាគ្មិនធ្វើបទបង្ហាញក្នុងសិក្ខាសាលានេះរួមមាន៖
១.លោកវេជ្ជបណ្ឌិ ភុំ សំសុង ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក ប្រធានបទការរៀបចំផែនការ ការគ្រប់គ្រង និងការអភិវឌ្ឍបុគ្គលិកប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាល
២.លោក កែវ សាងផលបុណ្យ ប្រធានការិយាល័យស្រុកប្រតិបត្តិបាកាន ខេត្តពោធិសាត់ ប្រធានបទការជ្រើសរើស និងការគ្រប់គ្រងបុគ្គលិកសុខាភិបាលរបស់មន្ទីរពេទ្យស្រុកប្រតិបត្តិ ឬ មន្ទីរពេទ្យបង្អែក
៣.លោកស្រី ប៉ែន យុទ្ធា ប្រធានមណ្ឌលសុខភាពសំរោង ស្រុកប្រតិបត្តិភ្នំក្រវាញ ខេត្តពោធិសាត់ ប្រធានបទការជ្រើសរើស និងការគ្រប់គ្រងបុគ្គលិកសុខាភិបាលរបស់មណ្ឌលសុខភាព
៤.ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ គណៈវិជ្ជាជីវៈសុខាភិបាល ប្រធានបទការគ្រប់គ្រងអ្នកប្រកបជំនាញវិជ្ជាជីវៈសុខាភិបាល និងការអភិវឌ្ឍវិជ្ជាជីវៈបន្ត។