Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ទិវាជាតិអន្តរសាសនា​ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី៨ ឆ្នាំ២០២៤
ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) និង ឯកឧត្តមលោក លោកស្រី ជាមន្រ្តីបច្ចេកទេស នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុង កម្មវិធីទិវាជាតិអន្តរសាសនាដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី៨ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ក្រោមប្រធានបទ “ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស សម័យឌីជីថល” ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

គិតតាំងពីឆ្នាំ២០១៧មក គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានសហការជាមួយសាសនាធំៗ ក្នុងព្រះរាជាណាចក្រកម្ពុជា រៀបចំទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ដើម្បីបួងសួងឱ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅលើពិភពលោក ទទួលបានសេចក្តីសុខ ជៀសផុតពីការរំលោភបំពាន និងអំពើជួញដូរមនុស្សដែលជាទាសភាពសម័យទំនើប។ សាសនាមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំផ្លូវកាយ ផ្លូវចិត្តមនុស្សទាំងឡាយឱ្យមានភាពជាមនុស្សប្រកបដោយសីលធម៌ គុណធម៌ និងមានសេចក្តីព្យាយាមក្នុងការស្វែងរកសេចក្តីសុខឱ្យខ្លួន និងមនុស្សជាតិ។ គ្រប់សាសនា ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការបង្ការទប់ស្កាត់ ភាពងាយរងគ្រោះរបស់មនុស្សពីអំពើបាបទាំងឡាយដែលមនុស្សកំពុងដុតកំដៅខ្លួនឯងអោយរស់ក្នុងនរកលោកីយ៍យ៉ាងវេទនា។ កុមារអនាថា កំព្រាគ្មានទីពឹងត្រូវបានវត្តអារាម និងវិហារ សាសនាទាំងឡាយ ជួយផ្គត់ផ្គង់ បីបាច់ថែរក្សា អប់រំ មិនឱ្យក្លាយជាក្មេងដែលត្រូវបានគេអូសទាញ ឱ្យចូលក្នុងអំពើអបាយមុខ អំពើជួញដូរមនុស្ស និងអំពើជួញដូរផ្លូវភេទជាដើម។

សូមបញ្ជាក់ផងដែរថា កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីនិកាយសាសនាធំៗចំនួនបី គឺព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រិស្តសាសនា ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្នុងរដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ន មន្រ្តីរាជការ សាសនិក យុវជន យុវនារី អង្គការដៃគូរជាតិ និងអន្តរជាតិ សរុបប្រមាណ២៥០០ អង្គ/នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7