កិច្ចប្រជុំលើកទី៤ ក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់ក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិ។ កិច្ចប្រជុំក៏មានវត្តមានចូលរួមពី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលជាអនុប្រធាន ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន សកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ ព្រមទាំងវិស័យឯកជនផងដែរ។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យវឌ្ឍនភាព និងការកំណត់ទិសដៅយុទ្ធសាស្រ្តសម្រាប់វិស័យ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ របស់កម្ពុជា។
ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ពីគោលដៅក្នុងការជំរុញវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អោយដើរតួនាទីកាន់តែសំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ។ ឯកឧត្តមក៏បានជម្រាបជូនផងដែរថា អនុក្រិត្យស្តីពីការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាភិបាលជាតិ និងគណះប្រឹក្សាយោបល់ក.ជ.វ.ប.ន កំពុងកែរសម្រួលដើម្បីឆ្លើយតបនឹងតម្រូវការការងារ និងបេសកកម្មរបស់ក្រុមប្រឹក្សាជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។