Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ក្រុមការងារចុះពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្ទីរពហុព្យាបាល ហ្វឺសសិនធឺរ
ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម សាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារជំនាញឯកទេសសម្រាប់ត្រួតពិនិត្យ និងតាមដានការអនុវត្តរបស់មូលដ្ឋានសុខាភិបាលឯកជននៅព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម លោកជំទាវក្រុមការងារ បានបន្តចុះត្រួតពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្ទីរពហុព្យាបាល ហ្វឺសសិនធឺរ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៤០៨ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

គោលបំណងនៃការចុះពិនិត្យ គឺដើម្បីឱ្យការបម្រើសេវាសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាលឯកជនធានាបាននូវគុណភាព ស័ក្តសិទ្ធភាព និងសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋទូទៅដែលអញ្ជើញទៅទទួលសេវាពិនិត្យ ព្យាបាល និងថែទាំជំងឺ។ គ្រប់មូលដ្ឋានផ្តល់សេវាសុខាភិបាលឯកជន ត្រូវបន្តខិតខំបំពេញ និងគោរពខ្ជាប់ខ្ជួនលិខិតបទដ្ឋានគតិយុត្ត លក្ខណ្ឌបទដ្ឋានបច្ចេកទេស ទាំងធនធានមនុស្សដែលមានសមត្ថភាពជំនាញ បទពិសោធន៍ច្បាស់លាស់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និង បានបំពេញលក្ខណ្ឌចុះបញ្ជីគណៈវិជ្ជាជីវៈ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ សម្ភារៈ បរិក្ខារពេទ្យ ឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។

ក្រោយពីបានស្តាប់ការធ្វើបទបង្ហាញរបស់មន្ទីរពហុព្យាបាល ហ្វឺសសិនធឺរ និងការសួរនាំឱ្យមានការបំភ្លឺបន្ថែមមក ក្រុមការងារក៏បានធ្វើការត្រួតពិនិត្យនៅតាមជាន់ និងបន្ទប់នីមួយៗ អំពីដំណើរការនៃការបម្រើសេវាជាក់ស្តែង អពីសេវាវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ ឧបករណ៍ សម្ភារៈ ឱសថ និងកម្រិតជំនាញនៃការផ្តល់សេវា។ ក្នុងនោះដែរ ក្រុមការងារក៏បានរកឃើញពីចំនុចល្អៗ និងចំនុចដែលត្រូវបំពេញបន្ថែមមួយចំនួន ដែលតម្រូវឱ្យអនុវត្តចំពោះភាគីខាងមន្ទីរពហុព្យាបាលក្នុងរយៈពេលមួយជាក់លាក់ដែលបានផ្តល់ជូន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7