Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «សុខភាព គឺពិតជាសំខាន់ សម្រាប់សេដ្ឋកិច្ចគ្រួសារសង្គម និងរក្សាលំនឹងសមធម៌ក្នុងសង្គម ព្រមទាំងគន្លឹះនៃស្ថេរភាពសង្គម និងភូមិសាស្រ្ត»
ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធី«ការប្រកាសជាផ្លូវការ យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល» ក្នុងគោលបំណងបញ្រ្ជាបការស្វែងយល់អំពីយុទ្ធសាស្រ្តនៃ ការលើកកម្ពស់ការប្រើប្រាស់ មូលនិធិសមធម៌សុខាភិបាល និងជំរុញកិច្ចសហការគាំទ្រ តាមគ្រប់រូបភាពក្នុងការអនុវត្តយុទ្ធនាការនេះ ឱ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីជាប្រយោជន៍ដល់គ្រប់ក្រុមគោលដៅទាំងអស់ ព្រមទាំងធ្វើការផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវា ក្នុងការផ្តល់សេវាប្រកបដោយគុណភាព សមភាព និងសមធម៌ មិនមានការរើសអើងដល់ប្រជាពលរដ្ឋ។ 

មូលនិធិសមធម៌សុខាភិបាល គឺជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ស្តីពីការពង្រីកប្រព័ន្ធគាំពារសុខភាពសង្គមនៅកម្ពុជា ដែលមានចែងក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១  របស់រាជរដ្ឋាភិបាល សំដៅការផ្តល់ការគាំពារដល់ពលរដ្ឋមកពីគ្រួសារក្រីក្រឱ្យទទួលបានសេវាសុខភាព ប្រកបដោយសមធម៌ គុណភាព ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពដោយ មិនមានហានិភ័យផ្នែកហិរញ្ញវត្ថុ។

ដើម្បីធានាឆ្ពោះទៅសម្រេចបាននូវគោលដៅ នៃផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា ជាពិសេសការបង្ការហានិភ័យផ្នែកហិរញ្ញវត្ថុដល់គ្រួសារគោលដៅ ចាំបាច់ត្រូវមានការតាមដាន និងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដែលរារាំងដល់ការប្រើប្រាស់សេវាសុខភាព របស់ក្រុមគោលដៅគ្របដណ្តប់ដោយមូលនិធិសមធម៌សុខាភិបាល។ 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី អំពាវនាវដល់រដ្ឋបាលរាជធានី-ខេត្ត មន្ទីរសុខាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សូមចូលរួមអនុវត្តយុទ្ធនាការនេះ ឱ្យបានទទួលជោគជ័យ ដោយត្រូវ៖ 

១. គ្រប់មូលដ្ឋានសុខាភិបាល ត្រូវធានាថា ការផ្តល់សេវាដល់ប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្កិសិទ្ធភាព ដោយមិនមានការរើសអើង និងដោយតម្កល់ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវា ២៤ម៉ោង រៀងរាល់ថ្ងៃ ដើម្បីធានានូវគុណតម្លៃ នៃការអនុវត្តមូលនិធិសមធម៌ដែលជាអាទិភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។

២. មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្រុមគោលដៅ អំពីមូលនិធិសមធម៌សុខាភិបាល ចូលរួមកំណត់ និងដោះស្រាយបញ្ហាប្រឈមដែលរារាំងដល់ប្រជាពលរដ្ឋ ដែលមានបណ្ណមូលនិធិសមធម៌សុខាភិបាល តែមិនអាចទទួលបានសេវា។ 

៣. រដ្ឋបាលរាជធានី-ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយនូវសារអប់រំផ្លាស់ប្តូរឥរិយាបថ អំពីការប្រើប្រាស់មូលនិធិសមធម៌ សុខាភិបាលដល់ប្រជាពលរដ្ឋតាមគ្រប់រូបភាព ព្រមទាំងចូលរួមតាមដាននូវបញ្ហាប្រឈមដែលគ្រួសារក្រីក្រ មិនទទួលបានបណ្ណ ឬមានបណ្ណតែមិនមកទទួលសេវា។  

៤. បិទតាំង និងចែកចាយសារអប់រំគ្រប់មធ្យោបាយរួមទាំងបណ្តាញគេហទំព័រ បញ្ជ្រាបសារអប់រំពីមូលនិធិសមធម៌សុខាភិបាល នៅក្នុងរបៀបវារៈក្នុងការប្រជុំនានា និងចាត់ទុកការងារនេះជាការងារអាទិភាពមួយក្នុងចំណោម ការងារអាទិភាពផ្សេងៗទៀត។

៥. តាមដានការប្រើប្រាស់សេវាសុខភាព នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ជាពិសេសក្នុងចំណោមប្រជាពលរដ្ឋដែលគ្របដណ្តប់ដោយមូលនិធិសមធម៌សុខាភិបាល។ 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌ ទទួលបានជោគជ័យកាន់តែល្អប្រសើរ សូមថ្នាក់ដឹកនាំទាំងអស់ ត្រូវខិតខំថែមទៀត ក្នុងការកាត់បន្ថយចំណាយរបស់ប្រជាជន ជាពិសេសលើបញ្ហាជំងឺស្មុគស្មាញ ដែលត្រូវយកចិត្តទុកដាក់លើបន្ថែម ១) បញ្ហាជំងឺមិនឆ្លង ដែលជាបញ្ហាសុខភាពសាធារណៈដ៏ចម្បងមួយ ត្រូវពង្រឹងបន្ថែមទៀត ២) ត្រូវស្វែងយល់បន្ថែមជាប្រជាសាស្រ្ត ពីកត្តាមនុស្សវ័យចំណាស់ ដោយត្រូវជំរុញការបណ្តុះបណ្តាលបន្ថែមដល់មន្រ្តីសុខាភិបាល ៣) ត្រូវគិតភាពស្មុគស្មាញផ្នែកហិរញ្ញវត្ថុ ដែលត្រូវការប្រើប្រាស់សេវាដែលមានតម្លៃថ្លៃ ៤) ការរីកចម្រើននៃការគាំពារសង្គម នឹងនាំមកកាត់បន្ថយចំណាយសេដ្ឋកិច្ច តាមរយៈការយកចិត្តទុកដាក់ចំពោះមុខការកាត់បន្ថយ និងលុបបំបាត់ជំងឺរ៉ាំរ៉ៃ។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងអង្គការដៃគូទាំងអស់ ដែលបានចូលរួមគាំទ្រយុទ្ធនាការ លើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ជាពិសេសសូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា រួមមាន ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍នៃរដ្ឋាភិបាលអាល្លឺម៉ង់ (KfW) នាយកដ្ឋានកិច្ចការបរទេសនិងពាណិជ្ជកម្មប្រទេសអូស្រ្តាលី (DFAT) និងមូលនិធិហិរញ្ញប្បទានសកលសម្រាប់គ្រប់ស្រ្តី កុមារនិងយុវវ័យ (GFF) ដែលបានសហការគាំទ្រផលិតនូវសម្ភារៈអប់រំផ្សព្វផ្សាយ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ក៏ដូចជាសិក្ខាសាលាក្នុងថ្ងៃនេះ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19