សិក្ខាសាលាជំរុញការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម និងជំនួបជាមួយប្រតិភូអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO) ក្នុងខេត្តសៀមរាប
ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៤
ខេត្តសៀមរាប ៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (PHC-BIF) បានបំពេញដំណើរបេសកកម្មនៅក្នុងខេត្តសៀមរាប ដើម្បីអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសិក្ខាសាលាជំរុញការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម និងដើម្បីជួបពិភាក្សាការងារជាមួយប្រតិភូអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO) ផងដែរ។
សិក្ខាសាលានេះ បានរៀបចំឡើងដោយមជ្ឃមណ្ឌលជាតិលើកំពស់សុខភាព ដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ប្រតិភូអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច មកពីទីក្រុងម៉ានីល (Manila) ប្រទេសហ្វីលីពីន មន្ទីរសុខាភិបាលខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសៀមរាប រដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំជ្រាវ និងមន្រ្តីនៃមណ្ឌលសុខភាពជ្រាវ។
សិក្ខាសាលានេះមានគោលបំណង ៤សំខាន់ៗរួមមាន៖
- បង្កើនការយល់ដឹងពីសកម្មភាពស្នូលទាំង៦ និងជំហាននៃការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (PHC-BIF) នៅកម្ពុជា
- បង្កើតចក្ខុវិស័យ និងវិភាគស្ថានភាពការងារថែទាំសុខភាពបឋម
- កំណត់សកម្មភាពអាទិភាពតាមសកម្មភាពស្នូល ដើម្បីជំរុញការងារថែទាំសុខភាពបឋមក្នុងរយៈពេល ១ឆ្នាំ និង៣ឆ្នាំ
- បង្កើតផែនការសកម្មភាព និងសូចនាករតាមដាន និងវាយតម្លៃ។
បន្ថែមពីនេះ លោកជំទាវ ក៏បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាជាមួយប្រតិភូអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វីក និងទស្សនៈកិច្ចការផ្តល់សេវាសុខភាព ព្រមទាំងបានជួបពិភាក្សាជាមួយក្រុមទ្រង់សុខភាពភូមិនៅមណ្ឌលសុខភាពជ្រាវ រួមទាំងជួបសំណេះសំណាលជាមួយគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពជ្រាវផងដែរ។