សិក្ខាសិលាពិគ្រោះយោបល់ អនុសាសន៍គោលនយោបាយសង្ខេបចំនួន៥ ទាក់ទងយេនឌ័រនិងសុខភាព
ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួងសុខាភិបាល ចូលរួមសិក្ខាសិលាពិគ្រោះយោបល់អនុសាសន៍គោលនយោបាយសង្ខេបចំនួន ៥ ទាក់ទងយេនឌ័រ និងសុខភាព ជាមួយ ក្រសួងកិច្ចការនារី ដោយមានការគាំទ្រពីអង្គការវ៉ាយថលស្ត្រេតធីជី Vital Strategies “តាមរយៈគម្រោងគំនិតផ្តួចផ្តើមស្តីពីទិន្នន័យសម្រាប់សុខភាព (Data for Health Initiative: D4H)” របស់ Bloomberg Philanthropies។
ក្រុមការងារក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់បច្ចេកទេស ស្តីពីការប្រើប្រាស់ទិន្នន័យសម្រាប់ការរៀបចំអនុសាសន៍គោលនយោបាយសង្ខេបទាក់ទងយេនឌ័រក្នុងវិស័យសុខភាព កាលពីថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីរៀបចំអនុសាសន៍គោលនយោបាយសង្ខេប ឬហៅថា D2P (Data to Policy)ទាក់ទងយេនឌ័រនិងសុខភាព។
ក្រុមការងារអន្តរក្រសួងដែលមានសមាសភាពមកពី ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល និងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល បានសម្រេចជ្រើសរើសយកប្រធានបទចំនួន៥ ដូចខាងក្រោមនេះ៖
១. លើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ
២. ជំរុញការលុបបំបាត់ជំងឺមហារីកមាត់ស្បូនដើម្បីសង្គ្រោះជីវិតស្រ្តី
៣. កាត់បន្ថយអត្រាមរណភាពមាតា និងទារកដោយលើកកម្ពស់សុខភាពអាហារូបត្ថម្ភសម្រាប់ស្រ្តី អាយុ១៥-៤៩ឆ្នាំ
៤. កាត់បន្ថយផលប៉ះពាល់ និងអត្រារៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់
៥. លើកកម្ពស់តួនាទីស្រ្តីជាថ្នាក់ដឹកនាំនិងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល។