អង្គសិក្ខាសាលាស្ដីពី ការបង្កើតនីតិវិធីប្រតិបត្តិគំរូជាក់លាក់សម្រាប់ការដឹកជញ្ជូនសំណាក ក្នុងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងឆ្លើយតបការរាតត្បាតនៃជំងឺ
ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ បានទៅចូលរួមក្នុងអង្គសិក្ខាសាលាស្ដីពី ការបង្កើតនីតិវិធីប្រតិបត្តិគំរូជាក់លាក់សម្រាប់ការដឹកជញ្ជូនសំណាក ក្នុងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងឆ្លើយតបការរាតត្បាតនៃជំងឺ។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងដូចខាងក្រោម៖
-គាំទ្រការតាមដាន និងគ្រប់គ្រងការផ្ទុះឡើង នៃរោគរាតត្បាត ដោយធានាថាសំណាកត្រូវបានដឹកជញ្ជូន និងវេចខ្ចប់ប្រកបដោយប្រសិទ្ធភាព
-បង្កើនប្រសិទ្ធិភាពការកំណត់រោគវិនិច្ឆ័យ
-ពង្រឹងពេលវេលានៃការដឹកជញ្ជូនសំណាក
-បង្កើនសមត្ថភាព មន្ទីរពិសោធន៍សម្រាប់ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះភាពអាសន្នផ្នែកសុខភាព
-ស្វែងរកការកែលម្អ ការផ្លាស់ប្តូរពេលវេលា និងប្រសិទ្ធភាពធនធានរបស់បណ្តាញមន្ទីរពិសោធន៍។
សិក្ខាសាលានេះរៀបចំឡើងដោយនាយកដ្ឋានមន្ទីរពេទ្យ ដោយមានការចូលរួមពីលោកស្រី យ៉ាត បុណ្ណមី តំណាងអង្គការ fhi360 តំណាង WHO និងលោក លោកស្រីមន្ត្រីគុណភាពផ្នែក Microbiology រាជធានី ខេត្ត។