ពិធីបើកវគ្គបំប៉នបន្ថែមចក្ខុមាត្រសាស្រ្ត និងការថែទាំសុខភាពភ្នែកបឋម និងពិធីបិទវគ្គចក្ខុមាត្រសាស្រ្តជំនាន់ទី១១
ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែសា្រពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានកម្មវិធីជាតិសុខភាពភ្នែក បានចូលរួមជាអធិបតីភាពអបអរសាទរក្នុងឱកាសបើកវគ្គបំប៉នបន្ថែមចក្ខុមាត្រសាស្រ្ត និងការថែទាំសុខភាពភ្នែកបឋម និងពិធីបិទវគ្គចក្ខុមាត្រសាស្រ្តជំនាន់ទី១១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានការរួមពីសំណាក់តំណាងអង្គការដៃគូរួមមានមូលនិធិហ្រ្វេដហូឡូ អង្គការCHAI និង អង្គការសាយហ្វ័រអល។
គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបំប៉នបន្ថែមចក្ខុមាត្រសាស្រ្ត និងការថែទាំសុខភាពភ្នែកបឋម ដែលមានសិក្ខាកាមសរុបចំនួន១៦រូប អញ្ជើញមកពីបណ្តាខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តត្បួងឃ្មុំ ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកំពត និងនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានរយៈពេលសិក្សាចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
នៅក្នុងឱកាសនេះផងដែរ កម្មវិធីជាតិសុខភាពភ្នែក ក៏បានបិទវគ្គបណ្តុះបណ្តាលចក្ខុមាត្រសាស្រ្តជំនាន់ទី១១ ដែលបានចាប់ផ្តើមឡើងចាប់ពីខែមិនា ឆ្នាំ២០២៤ និងបានបញ្ចប់នៅ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ដែលមានសិក្ខាកាមសរុបចំនួន ២៥រូប (ស្រី១២នាក់) អញ្ជើញមកពីតាមបណ្តាខេត្តផ្សេងៗគ្នាមានដូចជា ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តកោះកុង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តកែប និងខេត្តត្បូងឃ្មុំ។
ឯកឧត្ដមសាស្ត្រាចារ្យ ងី ម៉េង បានអបអរសាទរយ៉ាងសោមនស្សរីករាយ ដោយភាពជឿជាក់ និងទុកចិត្តលទ្ធផលនៃការសិក្សានឹងទទួលបានលទ្ធផលល្អប្រសើរ និងបានផ្តល់អនុសាសន៍ណែនាំបន្ថែម៖
១.ប្រើប្រាស់ចំណេះដឹង និងវិជ្ជាជីវៈដែលបានសិក្សារយៈពេល៦ខែកន្លងទៅនេះទៅបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព ទទួលខុសត្រូវ ដើម្បីទទួលភាពជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ
២.ផ្តល់ការពិនិត្យភ្នែក និងផ្ដល់កម្រិតលេខវ៉ែនតាឱ្យបានត្រឹមត្រូវច្បាស់លាស់ដល់ប្រជាពលរដ្ឋដែលមកទទួលសេវាវាស់កាត់វ៉ែនតា
៣.ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ គាវរកិច្ចស្វាគមន៍ចំពោះអ្នកជំងឺ នៅកន្លែងការងារ ធ្វើការអប់រំដល់អ្នកជំងឺ មិនបដិសេធរាល់នូវតម្រូវការរបស់ប្រជាពលរដ្ឋ
៤.រៀបចំកន្លែងធ្វើការ ឬមណ្ឌលស្ដារគំហើញឱ្យមានសណ្ដាប់ធ្នាប់រួមទាំងការសម្អាតឧបករណ៍បរិក្ខារផ្សេងៗអោយមានអនាម័យ
៥.ត្រូវកត់ត្រាឯកសារគ្រប់អ្នកជំងឺឬ អតិថិជនមកពិនិត្យភ្នែក និងធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់
៦.ធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងពីការផ្តល់សេវា និងថែទាំសុខភាពភ្នែក
៧.ពង្រឹងសមត្ថភាពបន្ថែម ដោយការចូលរួមសិក្ខាសាលា វគ្គបណ្ដុះបណ្ដាលបន្តផ្សេងៗ និងធ្វើការស្រាវជ្រាវសិក្សាបន្ថែមដោយខ្លួនឯង។