ពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់ភ្នាក់ងារត្រួតពិនិត្យក្នុងការផ្ដល់អាជ្ញាបណ្ណដល់មូលដ្ឋានសុខាភិបាលឯកជន
ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជន និងស្រាវជ្រាវបាតុភាពមិនប្រក្រតីនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន នៅព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំក្រសួងសុខាភិបាលជា អនុរដ្ឋលេខាធិការ អគ្គនាយករងបច្ចេកទេសសុខាភិបាល នាយកដ្ឋានមន្ទីរពេទ្យ បានចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់ភ្នាក់ងារត្រួតពិនិត្យក្នុងការផ្ដល់អាជ្ញាបណ្ណដល់មូលដ្ឋានសុខាភិបាលឯកជន។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងបណ្ដុះបណ្ដាលភ្នាក់ងារត្រួតពិនិត្យក្នុងការផ្ដល់អាជ្ញាបណ្ណដល់មូលដ្ឋានសុខាភិបាលឯកជន ដោយប្រើប្រាស់ស្តង់ដាអប្បបរមាសម្រាប់មូលដ្ឋានសុខាភិបាលឯកជននៃព្រះរាជាណាចក្រកម្ពុជា។
វគ្គបណ្ដុះបណ្ដាលនេះមាន ៨ ម៉ូឌុល រយៈពេលសិក្សាចំនួន ៨ ថ្ងៃ ដែលក្នុង ៦ថ្ងៃ បង្រៀនជាទ្រឹស្ដី ២ថ្ងៃ សម្រាប់ការអនុវត្តផ្ទាល់ ដែលមានសិក្ខាកាមចូលរួម សរុបចំនួន ២៤នាក់ មកពី ១០រាជធានី-ខេត្ត។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយនាយកដ្ឋានមន្ទីរពេទ្យ ដោយសហការជាមួយគម្រោងលើកកំពស់គុណភាពសេវាថែទាំសុខភាព ដំណាក់កាលទី២ របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID-EQHA II។