Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
សិក្ខាសាលា ដកពិសោធន៍ការងារសម្ព័ន្ធអង្គភាពស៊ីវិល ទិសយោធភូមិភាគទី៥ ក្រោមប្រធានបទ “រួមគ្នាពង្រឹងខឿនការពារជាតិ”
ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២៤

ខេត្តបាត់ដំបង៖ នាថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំប្រតិភូសុខាភិបាល អញ្ជើញចូលរួមក្នុងសិក្ខាសាលា ដកពិសោធន៍ការងារសម្ព័ន្ធអង្គភាពស៊ីវិល ទិសយោធភូមិភាគទី៥ ក្រោមប្រធានបទ “រួមគ្នាពង្រឹងខឿនការពារជាតិ” ដែលពិធីបើកសិក្ខាសាលាប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងពិធីបិទសិក្ខាសាលាប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

គោលបំណងនៃសិក្ខាសាលានេះ ផ្តោតសំខាន់ទៅលើ ៣ចំណុច៖
១) តម្រង់ទិសឱ្យអង្គភាពទ័ព រៀបចំផែនការលម្អិត ផែនការសកម្មភាព តម្រូវការជាក់ស្តែង និងតម្រូវការជាអាទិភាព ដើម្បីស្នើសុំដៃគូសម្ព័ន្ធមេត្រីភាព 
២) អង្គភាពស៊ីវិលដែលជាដៃគូសម្ព័ន្ធមេត្រីភាពត្រូវរៀបចំផែនការ និងកំណត់អំពីជំនួយ ជួយដល់អង្គភាពទ័ពលើតម្រូវការចាំបាច់ និងអាទិភាព ដើម្បីជួយឧបត្ថម្ភដល់អង្គភាពកងទ័ព
៣) ការបង្វែរទិសមួយផ្នែកនៃជំនួយសម្ព័ន្ធមេត្រីភាព បម្រើទស្សនៈវិស័យយូរអង្វែង ដូចជាការស្ថាបនាសំណង់អគារ លេណដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនានា ផ្លូវតាមបណ្តាព្រំដែន រួមគ្នាំជាមួយដៃគូសម្ព័ន្ធមេត្រីភាព ដែលមានស្រាប់ សហការផ្គួចផ្តើមគម្រោងអភិវឌ្ឍ បណ្តុះបនញតាលជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ដើម្បីទ្រទ្រង់ដល់ជីវភាព និងសុខមាលភាពយោធិន គ្រួសារយោធិន និងយោធិនត្រៀមចូលនិវត្តន៍។

ឆ្លៀតក្នុងឱកាសនេះ អង្គសិក្ខាសាលា បានអញ្ជើញ លោកជំទាវរដ្ឋលេខាធិការ តំណាងក្រសួងសុខាភិបាល ជាវាគ្មិន សម្រាប់ធ្វើបទអន្តគមន៍ និងចែករំលែកបទពិសោធន៍ក្នុងសម្ព័ន្ធមេត្រីភាពរវាងក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែល និងរីសត ដែលធ្លាប់បានអញ្ជើញចុះសួរសុខទុក្ខនាយទាហាន និងពលទាហាន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលបានលះបង់កម្លាំងកាយ-ចិត្ត ពលីអាយុជីវិត ចូលរួមក្នុងសមរភូមិ ដើម្បីការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងនាំមកនូវសុខសន្តិភាព ស្ថិរភាព ដែលជាបុរេលក្ខខណ្ឌចាំបាច់ដល់ការសម្រេចបាននូវសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ។ លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកឡើងអំពី ការថែទាំសុខភាពរបស់កងទ័ព គឺជាការយកចិត្តទុកដាក់បំផុតរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ព្រោះកងទ័ពដែលមានសុខភាពល្អរឹងមាំ គឺជាធនធានដ៏ឧត្តុងឧត្តមរបស់ប្រទេសជាតិ ដែលមិនអាចខ្វះបាន។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួម តំណាងក្រសួងការពារជាតិ ក្រសួងសុខាភិបាល ក្រសួងរ៉ែ និងថាមពល ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ រដ្ឋលេខាធិការដ្ឋានអាការចរស៊ីវិល អគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកដ្ឋានពន្ធដារ អគ្គិសនីកម្ពុជា រដ្ឋបាលជលផល និងរដ្ឋបាលខេត្តបាត់ដំបង ទីបញ្ជាការភូមិភាគទី៥ កងពលតូចថ្នើរជើងលេខ៥១ កងពលតូចថ្នើរជើងលេខ៥២ កងពលតូចថ្នើរជើងលេខ៥៣ កងការពារព្រំដែនលេខ៥០១ កងការពារព្រំដែនលេខ៥០៤ វរសេនាតូចថ្នើរជើងលេខ១ ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនសុខាអូតែល និងរីសត និងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7