Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលក្នុងពេលបម្រើការងារសម្រាប់គិលានុបដ្ឋាកសម្រាប់ប្រធាន និងអនុប្រធានគិលានុបដ្ឋាកនៅមន្ទីរពេទ្យជាតិទាំង១២
ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២៤

ថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាព ក្នុងការបើកវគ្គបណ្តុះបណ្តាលក្នុងពេលបម្រើការងារសម្រាប់គិលានុបដ្ឋាក ដល់ប្រធាន និងអនុប្រធានគិលានុបដ្ឋាកនៅមន្ទីរពេទ្យជាតិទាំង១២ ចំនួន២៤នាក់ ដែលមានទីកន្លែងបណ្តុះបណ្តាលនៅមន្ទីរពេទ្យកាល់ម៉ែត។ 

វគ្គបណ្តុះបណ្តាលមានការចូលរួមពីលោកស្រីសាស្រ្តាចារ្យជំ. ទូច សុខនាង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នាយកដ្ឋានមន្ទីរពេទ្យ និងតំណាងអង្គការ JICA ក្នុងគោលបំណង គឺដើម្បីពង្រឹងសមត្ថភាព បង្កើនចំណេះដឹងថ្មីៗ និងជំរុញការធ្វើនវានុវត្តន៍នៃការថែទាំ។

លោកស្រីសាស្រ្តាចារ្យជំ.ប្រធាននាយកដ្ឋាន បានបង្ហាញពីរបាយការណ៍ និងសំដែងនូវអំណរគុណ ចំពោះលោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ ដែលបានចំណាយពេលមានតម្លៃផ្តល់កិត្តិយសចូលរួម និងតែងតែយកចិត្តទុកខ្ពស់ចំពោះវិជ្ជាជីវៈថែទាំ។ លោកស្រីសាស្រ្តាចារ្យបានធ្វើរបាយការណ៍ខ្លីពីគម្រោងបណ្តុះបណ្តាលក្នុងពេលបម្រើការងារសម្រាប់គិលានុបដ្ឋាកចំនួន ៨ម៉ូឌុល រួមមាន (១) ព័ត៌មានវិទ្យានៃការថែទាំ (២) សីលធម៌នៃការថែទាំ (៣) ការប្រាស្រ័យទាក់ទង (៤) ការលើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺ (៥)ការស្រាវជ្រាវផ្នែកថែទាំ (៦) ការគ្រប់គ្រងការថែទាំ និងភាពជាអ្នកដឹកនាំ (៧) ជំនាញមូលដ្ឋាននៃការថែទាំ និង (៨) ការប្រើប្រាស់ដំណើរការថែទាំ។ 

លោកស្រីបណ្ឌិត Mizue Hiura ប្រធានគម្រោងពង្រឹងប្រព័ន្ធបណ្តុះបណ្តាលក្នុងពេលបម្រើការងារនៅកម្ពុជាបានបង្ហាញពីលទ្ធផលរំពឹងទុក ដូចជាបង្កើតផែនការបណ្តុះបណ្តាល ដោយផ្អែកលើសមត្ថភាព ធ្វើការវាយតម្លៃពីតម្រូវការសម្រាប់ការបណ្តុះបណ្តាល រៀបចំកម្មវិធីបណ្តុះបណ្តាល ធ្វើការបណ្តុះបណ្តាលនៅតាមមន្ទីរពេទ្យ និងបង្កើតប្រព័ន្ធតាមដានការបណ្តុះបណ្តាលក្នុងពេលបម្រើការងារ។ 
លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ ផ្តល់នូវអនុសាសន៍មួយចំនួនដល់សិក្ខាកាមទាំងមូល ការបណ្តុះបណ្តាលនេះបានធ្វើឡើងស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ពីការអភិវឌ្ឍន៍ធនធានមនុស្សឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវាដែលមានគុណភាព និងសុវត្ថិភាពដល់អ្នកជំងឺ។ ក្នុងនោះដែរលោកជំទាវផ្តាំផ្ញើដល់ប្រធានថែទាំងអស់ត្រូវរៀបចំផែនការបណ្តុះបណ្តាលបន្តដល់ដល់គិលានុបដ្ឋាកដ៏ទៃទៀត រៀបចំជា Slogan នៃការថែទាំដូចជា PLUS ពង្រឹងការអនុវត្តប្រកបដោយសីលធម៌វិជ្ជាជីវៈ និងធ្វើយ៉ាងណាបង្ករលទ្ធភាពងាយស្រួលដល់មន្រ្តីក្រោមឱវាទឱ្យមានសាមគ្គីភាពគ្នាល្អ។
 
ជាចុងបញ្ចប់ លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នាយកដ្ឋានមន្ទីរពេទ្យ និងអង្គការ JICA ដែលបានប្រឹងប្រែងបង្កើតគម្រោងដ៏មានសារៈសំខាន់នេះ ដើម្បីពង្រឹងសមត្ថភាពគិលានុដ្ឋាកស្របតាមគោលដៅយុទ្ធសាស្រ្តទាំង៩ របស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលឱ្យសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

Image 1
Image 2
Image 3
Image 4
Image 5