សិក្ខាសាលា ស្ដីពីការចែករំលែកបទពិសោធន៍ នៃការអនុវត្តល្អៗលើកិច្ចលទ្ធកម្មរបស់ អង្គការ UNOPS
ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវឱសថការី វ៉ា ពុធនាថ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលា ស្ដីពីការចែករំលែកបទពិសោធន៍ នៃការអនុវត្តល្អៗ លើកិច្ចលទ្ធកម្មរបស់អង្គការ UNOPS។
សិក្ខាសាលានេះ រៀបចំឡើងនៅសណ្ឋាគារកាំប៉ូឌីយ៉ាណា ដែលមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមកិច្ចសហការរវាងក្រសួងសុខាភិបាល និងអង្គការ UNOPS ដោយមាន លោកស្រី Eda Kraja នាយិកាអង្គការ UNOPS ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលរួមជាគណៈអធិបតីផងដែរ។
ក្នុងរយៈពេល២ថ្ងៃ នៃសិក្ខាសាលាដ៏មានសារៈសំខាន់នេះ លោកគ្រូឧទ្ទេសនាម ដែលជាអ្នកជំនាញការជាន់ខ្ពស់របស់ UNOPS ប្រចាំនៅប្រទេស ហ្វីលីពីន Dr. Ali SALHA និងប្រចាំនៅប្រទេសថៃ Mr. Senthil Kumar SUBRAMANI បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីលទ្ធកម្មប្រកបដោយប្រសិទ្ធភាព តម្លាភាព គុណភាព និងសន្សំសំចៃខ្ពស់ ទាំងលទ្ធកម្មក្នុងស្រុក អន្តរជាតិ និងលទ្ធកម្មលើគម្រោងសាងសង់ ក៏ដូចជាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ ជាលទ្ធផល សិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គសិក្ខាសាលានេះ បានទទួលនូវចំណេះដឹងអំពីវិធីសាស្ត្រ និងនីតិវិធី ក៏ដូចជាគន្លឹះសំខាន់ៗក្នុងការអនុវត្តកិច្ចលទ្ធកម្មរបស់ UNOPS។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអង្គការ UNOPS ដែលបានផ្តល់ការគាំទ្រក្នុងដំណើរការរៀបចំសិក្ខាសាលានេះ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ និងស្នើសុំដល់ UNOPS ដើម្បីបន្តកិច្ចសហការប្រកបដោយភាពជឿទុកចិត្ត និងរួមគ្នាបង្កើតគម្រោង ក៏ដូចជាការកសាងសមត្ថភាពបន្ថែមដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល។
ជាចុងក្រោយ ឯកឧត្តមអនុរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើររបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងលោកជំទាវរដ្ឋលេខាធិការ ដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ សូមយកចំណេះដឹងដែលទទួលបានពីវគ្គសិក្ខាសាលានេះ ទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ នៅតាមអង្គភាពដែលខ្លួនកំពុងបំពេញ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាលសាធារណៈ ឱ្យកាន់តែមានការរីកចម្រើនខ្លាំងឡើងថែមទៀត។
ក្នុងពិធីបិទសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីអគ្គនាយករង លោក លោកស្រីតំណាងក្រសួងសុខាភិបាល គ្រឹះស្ថានសាធារណៈរដ្ឋបាល មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត និងគ្រូឧទ្ទេសន៍របស់ UNOPS ដែលមានចំនួនសរុប ៨៥រូប។