វគ្គបណ្តុះបណ្តាលស្តីពីការកំណត់ និងការឆ្លើយតបលើជនរងគ្រោះដែលមានបញ្ហាផ្លូវចិត្ត និងបញ្ហាចិត្តសង្គម ដល់បុគ្គលិកមន្ទីរពេទ្យបង្អែក
ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៤
ខេត្តកំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីការកំណត់ និងការឆ្លើយតបលើជនរងគ្រោះដែលមានបញ្ហាផ្លូវចិត្ត និងបញ្ហាចិត្តសង្គម ដល់បុគ្គលិកមន្ទីរពេទ្យបង្អែក ដែលធ្វើឡើងទៅនៅសណ្ឋាគារសុខថៃសាន្ត ខេត្តកំពង់ឆ្នាំង។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន លេខាធិការដ្ឋានយេនឌ័រ នៃក្រសួងសុខាភិបាល ក្រោមការឧបត្ថម្ភថវិកាពីធនាគារADB ដែលមានរយៈពេល ២ថ្ងៃ ពីថ្ងៃទី១២ ដល់ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលពីសិក្ខាកាម មកពីមន្ទីរពេទ្យបង្អែកខេត្តចំនួន១៣ ។
ជាមួយគ្នានេះ ឯកឧត្តមឱសថការី ឈី ហុង ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការណែនាំរបស់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ជូនដល់មន្ត្រីសុខាភិបាល និងសិក្ខាកាមទាំងអស់ សូមឱ្យមន្ត្រីសុខាភិបាល និងសិក្ខាកាមទាំងអស់ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ ដោយចាត់ទុកអ្នកជំងឺជាចម្បង។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការចូលរួមពីលោកវេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន និងតំណាងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង ផងដែរ។