ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស៖ នាថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នា២០២៥ ឯកឧត្តមសាស្រ្តាចារ្យ សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល និងអគ្គនាយករងបច្ចេកទេសនៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមធ្វើបទអន្តរាគមន៍នៅក្នុងព្រឹត្តិការណ៍អម(Side event) នៃសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ស្តីពីការបង្ការការធ្វើអត្តឃាត ដោយបានបង្ហាញពីបញ្ហាប្រឈមសុខភាពសាធារណៈនៃការធ្វើអត្តឃាត ហើយបានបង្ហាញពីជំហររបស់ប្រទេសកម្ពុជា ក្នុងកិច្ចសហការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីធ្វើការឆ្លើយតបទៅនឹងការបង្ការការធ្វើអត្តឃាត ដោយផ្អែកលើភស្ថុតាង (Evidence-based suicide prevention response)។
ក្នុងព្រឹត្តិការណ៍អម នេះ ក៏មានបទអន្តរាគមន៍របស់វាគ្មិន ដែលជាអ្នកជំនាញមកពីប្រទេសចំនួន១១ មានជាអាទិ៍ ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន នីហ្សេរីយ៉ា ឥណ្ឌា អូស្រ្តាលី ហូឡង់ បង់ក្លាដេស ស្រីលង្កា អង់គ្លេស និងសហរដ្ឋអាមេរិក ដោយជំរុញឱ្យមានផែនការនៃការបង្ការការធ្វើអត្តឃាត។ អ្នកជំនាញការទាំងអស់បានបង្ហាញថា «ការធ្វើអត្តឃាតអាចបង្ការបាន ហើយជឿជាក់ថាយើងអាចកាត់បន្ថយអត្រាមរណៈភាពដែលបណ្តាលមកពីការធ្វើអត្តឃាតបាន»។
ការអញ្ជើញចូលរួមព្រឹត្តិការណ៍អម នៃសន្និបាតលើកទី៧៨ របស់អង្គការសុខភាពពិភពលោក ស្តីពីការបង្ការការធ្វើអត្តឃាតនេះ ធ្វើឡើងដោយមានការអញ្ជើញពីតំណាងបេសកកម្មអចិន្ត្រៃយ៍របស់ព្រះរាជាណាចក្រហូឡង់ប្រចាំអង្គការសហប្រជាជាតិ។