Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យមើលវឌ្ឍនភាព នៃការរៀបចំទីតាំងសុខាភិបាល ផ្នែកចត្តាឡីស័ក និងការគ្រប់គ្រងជំងឺឆ្លង ក្នុងទីតាំងព្រលានយន្តហោះអន្តរជាតិ តេជោ
ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងខាភិបាល ដែលទទួលបន្ទុកការងារជំងឺឆ្លង បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំទីតាំងសុខាភិបាល ផ្នែកចត្តាឡីស័ក និងការគ្រប់គ្រងជំងឺឆ្លង ក្នុងទីតាំងសាងសង់ព្រលានយន្តហោះអន្តរជាតិ តេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។


លោកជំទាវរដ្ឋលេខាធិការ និងគណ:ប្រតិភូ អមដំណើរមកពីក្រសួងសុខាភិបាល ដោយមានការទទួលស្វាគមន៍ពីតំណាងអ្នកឧកញ៉ា  វ៉ាន់ ឆារស៍ជួន អភិបាលក្រុមហ៊ុនខេមបូឌាអ៊ែរផតអ៊ិនវេសមិន ឯ.ក (CAIC) បានធ្វើការពិនិត្យទីតាំងទាំងពីរក្នុងផ្នែក Arrival ជាក់ស្ដែង៖

ទីតាំងទី ១៖

- ទីតាំងបំពាក់កាមេរ៉ា វ៉ាស់កំដៅ ចំនួន ៤គ្រឿង នៅទីតាំងអ្នកដំណើរអន្តរជាតិ និង ២គ្រឿង សម្រាប់អ្នកដំណើរក្នុងស្រុក។ 

- បន្ទប់តាមដាន និងវិភាគរោគសញ្ញាចំនួន ២បន្ទប់  ដោយតម្រូវឱ្យមានការបំពាក់សំភារៈ និងបរិក្ខារគ្រប់គ្រាន់។ 

ទីតាំងទី ២៖

- ចម្ងាយពីគ្នាប្រហែល ១០០ម៉ែត្រ

- មាន ៥បន្ទប់៖ បន្ទប់ដាក់អ្នកជំងឺ បន្ទប់ប្រចាំការរបស់ពេទ្យ បន្ទប់សង្គ្រោះបន្ទាន់ បន្ទប់ដាក់សម្ភារៈ បរិក្ខារ  និងបន្ទប់ធ្វើការ និងកិច្ចប្រជុំ។ 

សំណូមពរ របស់ប្រតិភូសុខាភិបាល ជូនដល់តំណាងក្រុមហ៊ុន CAIC ទទួលខុសត្រូវ ព្រលានយន្តហោះ៖

- ការសម្អាតបន្ថែម (Deep clean) និងការរៀបចំដាក់ស្លាកសញ្ញានៅគ្រប់ទីតាំងបន្ទប់ ក៏ដូចជាគំនូស បំព្រួញតាមផ្លូវ ដែលងាយស្រួល ដល់អ្នកដំណើរ 

- កំណត់ការប្រគល់ និងទទួល នៅចុងខែឧសភា ឆ្នាំ២០២៥ 

- ការដឹកជញ្ជូនសំភារៈបរិក្ខារចូល និងការបំពាក់ ឧបករណ៍ទាំងអស់ នឹងប៉ាន់ស្មានឱ្យបានរួចរាល់ នៅដើម ខែមិថុនា  

-ស្នើសុំឱ្យមានការប្រជុំអន្តរក្រសួង រវាងក្រសួងសុខាភិបាល អាកាសចរស៊ីវិល ក្រុមហ៊ុនសាងសង់ និងផ្នែកពាក់ព័ន្ធ សម្រាប់កំណត់ការទទួលខុសត្រូវ និងដើម្បីធ្វើការសហការគ្នាឱ្យបានល្អ 

- គណៈប្រតិភូ ក៏បានលើកស្នើសុំទីតាំងសម្រាប់ដាក់ម៉ាស៊ីនវ៉ាស់កំដៅ និងសម្រាប់ពេទ្យប្រចាំការ ក្នុងករណីចាំបាច់នៅទីតាំង VIP  

ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានធ្វើការកោតសរសើរ អំពីស្នាដៃសាងសង់ របស់កូនខ្មែរ និង ភាពប៉ិនប្រសព្វរបស់វិស្វករ និងអ្នកជំនាញទាំងអស់ ដែលអាចធ្វើឱ្យព្រលានយន្តហោះអន្តរជាតិមួយនេះ លេចរូបរាងទ្បើងដ៏អស្ចារ្យ។ លោកជំទាវ និងប្រតិភូ បានថ្លែងអំណរគុណ ដល់អ្នកឧកញ៉ា វ៉ាន់ ឆារស៍ជួន ព្រមទាំងសហការី ដែលជានិច្ចជាកាល មានការសហការគ្នាបានល្អ និងបន្តកិច្ចការនេះ ដើម្បីទប់ស្កាត់ការ នាំចូល នៃជំងឺឆ្លង ក៏ដូចជាជំងឺកាចសាហាវថ្មីៗ ។ 

ក្នុងការចុះពិនិត្យ នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង  តំណាងក្រុមហ៊ុនសាងសង់ CAIC និងលោក លោកស្រី ជាក្រុមការងារពាក់ព័ន្ធ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16