ខេត្តកំពង់ធំ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងការចង្អុលបង្ហាញពីឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាងរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើក និងគ្រប់គ្រងវគ្គបណ្តុះបណ្តាល ស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ ដោយមានសមាសភាពចូលរួមមាន ឯកឧត្តមវេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ លោកអនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ លោកប្រធានមន្ទីរពេទ្យខេត្តកំពង់ធំ និងសិក្ខាកាមអញ្ជើញមកពីខេត្តព្រះវិហារ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ សរុបមានចំនួន ៤២រូប។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពចំណេះដឹង ជំនាញ ដល់គ្រូបង្គោលរបស់មន្ត្រីសុខាភិបាលតាមមន្ទីរពេទ្យខេត្ត និងស្រុក សម្រាប់បណ្តុះបណ្តាលបន្ត ដើម្បីធ្វើឱ្យមានគុណភាព សុវត្ថិភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋបានប្រសើរឡើង។
ឯកឧត្តមអនុរដ្ឋលេខាធិការបានថ្លែងអំណរគុណដល់ក្រុមការងារគ្រូបង្គោលថ្នាក់ជាតិ និងបានផ្តាំផ្ញើរដល់សិក្ខាកាមដែលចូលរួមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ និងយកចំណេះដឹងដែលមានទៅចែករំលែកដល់ក្រុមការងារមន្ទីរពេទ្យរៀងៗខ្លួន និងពង្រីកវិសាលភាពចំណេះដឹងដល់មណ្ឌលសុខភាពថែមទៀតផង។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ដោយមានទាំងការបង្ហាញជាទ្រឹស្តី ការអនុវត្តលើម៉ានីកាំង និងការអនុវត្តផ្ទាល់នៅមន្ទីរពេទ្យខេត្តកំពង់ធំ ដោយមានការសម្របសម្រួលកដោយនាយកដ្ឋានមន្ទីរពេទ្យ ក្រសួងសុខាភិបាល និង ក្រុមគ្រូបង្គោលថ្នាក់ជាតិមកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យតេជោសន្តិភាព និងមន្ទីរពេទ្យព្រះអង្គឌួង។