រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោងទប់ស្កាត់បង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ និងគម្រោងសុខភាពតាមព្រំដែនក្នុងមហាអនុតំបន់មេគង្គ បានដឹកនាំមន្ត្រីគម្រោងចូលរួមកិច្ចប្រជុំបូកសរុបការបំពេញបេសកកម្មពិនិត្យគម្រោង ADB នៅកម្ពុជា ឆ្នាំ២០២៥ «Country Programming Mission 2025»។
កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងលោកស្រី Jyotsana Varma នាយិកានៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ប្រចាំនៅប្រទេសកម្ពុជា ដោយមានការចូលរួមពីក្រសួង ស្ថាប័ន ដែលបានទទួលហិរញ្ញប្បទានពី ADB សរុបជាង ១០០ រូប។