Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សាការងារ ស្ដីពីកិច្ចសហប្រតិបត្តិការលើការវិនិយោគគម្រោងគ្រប់គ្រង និងកែច្នៃសំណល់វេជ្ជសាស្ត្រ
ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Sarah Gasquard ភារធារីស្ដីទីនៃស្ថានឯកអគ្គរាជទូតបែលហ្សិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូពីភ្នាក់ងារវិនិយោគ (AWEX) និងក្រុមហ៊ុន ECOSTERYL ស្ដីពីកិច្ចសហប្រតិបត្តិការលើការវិនិយោគគម្រោងគ្រប់គ្រង និងកែច្នៃសំណល់វេជ្ជសាស្ត្រ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ លោកស្រីភារធារីស្ដីទី Sarah Gasquard និងគណៈប្រតិភូដែលបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅពេលនេះ។ លោកស្រី ភារ ធារី ស្ដីទី Sarah Gasquard បានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាព និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យសុខាភិបាលនៅកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ECOSTERYL ដែលមានបំណងមកវិនិយោគក្នុងការគ្រប់គ្រង និងកែច្នៃសំណល់វេជ្ជសាស្ត្រ និងបានអនុញ្ញាតឱ្យខាងក្រុមហ៊ុនបង្ហាញអំពីគោលបំណង។ បន្ទាប់ពីបានស្ដាប់គោលបំណងរបស់ភាគីក្រុមហ៊ុនរួចមកឯកឧត្តមរដ្ឋលេខាធិការបានជូនជាយោបល់ឱ្យក្រុមហ៊ុនជួបពិភាក្សាការងារជាមួយក្រុមការងារបច្ចេកទេសដែលមាននាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងនាយកដ្ឋានពាក់ព័ន្ធមួយចំនួនទៀតដើម្បីរៀបចំកំណត់ជាផែនការគម្រោងជាក់លាក់ និងដាក់ជូនឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិនិត្យនិងផ្ដល់យោបល់មុននឹងឈានទៅដល់ការដាក់ដំណើរការគម្រោង។ 

លោកស្រី ភារ ធារី ស្ដីទី Sarah Gasquard 

និងគណៈប្រតិភូ បានថ្លែងអំណរគុណទៅដល់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងសុខាភិបាលដែលបានផ្ដល់ការអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ ហើយក្រុមហ៊ុននឹងបន្តការពិភាក្សាតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការរៀបចំជាផែនការគម្រោងជាក់លាក់ ដើម្បីសុំការផ្ដល់យោបល់ពីក្រសួងសុខាភិបាលនៅពេលខាងមុខ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8