ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៥
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការជាតិពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់មន្ទីរពេទ្យជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងអភិវឌ្ឍន៍សមត្ថភាពរបស់មន្ទីរពេទ្យជាតិទាំង៤ ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដើម្បីពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតានិងទារក និងលើកកម្ពស់គុណភាពនៃសេវាសុខភាពមាតា និងទារក ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីសម្រេចបាននូវបេសកកម្ម និងគោលដៅរបស់ក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយមរណភាពមាតា លោកជំទាវសាស្ត្រាចារ្យបានផ្តល់នូវអនុសាសន៍មួយចំនួន រួមមាន៖ ១. អនុវត្តផែនការយុទ្ធសាស្រ្តតាមរយៈការបណ្តុះបណ្តាលគ្រូបង្គោលមន្ទីរពេទ្យជាតិ ដើម្បីបន្តបណ្តុះបណ្តាលដល់មន្ទីរពេទ្យរាជធានី-ខេត្ត និងមន្ទីរសុខាភិបាល តាមរយៈសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ឱ្យចប់ត្រឹមឆ្នាំ២០២៥ ដោយផ្តល់អាទិភាពលើរាជធានី-ខេត្តដែលមានករណីមរណភាពមាតា-ទារកខ្ពស់។ ២. បន្តគាំទ្រពិនិត្យករណីមរណភាពដែលទទួលបានពីរាជធានីខេត្ត និងធ្វើរបាយការណ៍ដោយប្រើប្រាស់ទម្រង់ក្នុងការកំណត់មូលហេតុ និងកត្តាបង្ក កត្តាចូលរួមដូចជាការពន្យាពេលក្នុងការផ្តល់សេវា ការបញ្ចូន និងការមកទទួលសេវា និងពង្រឹងការធ្វើផែនការឆ្លើយតបផែ្អកលើបញ្ហារកឃើញ ដែលត្រូវអនុត្តន៍ផ្ទាល់ដោយមូលដ្ឋានសុខាភិបាល ស្ថានប័នពាក់ព័ន្ធ និងតាមដានដោយមន្ទីរសុខាភិបាល និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ។ ៣. ចែករំលែកការរកឃើញពីការពិនិត្យករណីមរណភាពមាតាឆ្នាំ២០២៣-២០២៤ ក្នុងសន្និសីទប្រចាំឆ្នាំថ្នាក់ជាតិ ដើម្បីធ្វើផែនការឆ្លើយតប និងទប់ស្កាត់មរណភាពនាពេលអនាគត។ ៤. រៀបចំផែនការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល ដោយប្រើប្រាស់ធនធានដែលសម្រាប់ ដូចជាកម្មវិធីសិក្សាការគ្រប់គ្រងការធា្លក់ឈាមក្រោយស្រាលនៃកម្មវិធីសិក្សាBmONC គ្រូបង្គោលEmONC ថ្នាក់ជាតិ និងមានជួយគាំទ្រពីអង្គការដៃគូដូចជាUNFPA តាមរយៈវិទ្យាស្ថានBurnet ប្រទេសអូស្រ្តាលី ដោយប្រើប្រាស់កម្មវិធី Safe Delivery App អនុវត្តនូវកម្មវិធីបណ្តុះបណ្តាល Low-dose High-Frequency ឬការបណ្តុះបណ្តាលជាប្រចាំនៅមូលដ្ឋានសុខាភិបាល និងបង្កើតតេលេក្រាមដើម្បីជំរុញការសិក្សាសំណួរចម្លើយ ពិភាក្សាករណីសិក្សា និងធ្វើបច្ចុប្បន្នភាព ដែលដឹកនាំដោយគ្រូបង្គោលEmONCថ្នាក់ជាតិ។
ឆ្លៀតក្នុងឱកាសនេះដែរលោកជំទាវលើកទឹកចិត្តសិក្ខាកាមឱ្យចូលរួមយកចិត្តទុកដាក់ ដើម្បីយកចំណេះដឹងនេះទៅបន្តដល់ខត្តសម្ព័ន្ធមេត្រី ក្នុងការចូលរួមជួយកាត់បន្ថយអត្រាមរណភាពមាតា និងទារកជុំវិញកំណើត និងដើម្បីឈានទៅដល់វឌ្ឍនភាពឆ្នាំ២០៣០។
វគ្គបណ្តុះបណ្តាលនេះរៀបចំដោយមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងមន្ទីរពេទ្យកាល់ម៉ែត ដោយមានការឧបត្ថម្ភដោយមូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជន UNFPA និងរដ្ឋាភិបាលអូស្ត្រាលី ក្រោមការសម្របសម្រួលពីឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រីជាគណៈកម្មាធិការជាតិពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប និងមានសិក្ខាកាមអញ្ជើញចូលរួមពី៖ មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរមិត្តភាពខ្មែរ សូវៀត ដែលមានចំនួនសរុបចំនួន៤០រូប។.