ខេត្តព្រៃវែង៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាពក្នុងខេត្តចំនួន ១៣ និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា រួមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះបំពេញបេសកកម្មនៅក្នុងខេត្តព្រៃវែង ដើម្បី៖
១. ជំរុញការកែលម្អគុណភាពសេវានៅតាមមណ្ឌលសុខភាពឱ្យកាន់តែមានភាពល្អប្រសើរ ដោយអនុលោមតាមសំណុំសកម្មភាពអប្បបរិមា និងផែនការឆ្នាំ២០២៥
២. ជំរុញការចូលរួមអនុវត្តន៍ពីភាគីពាក់ព័ន្ធ នៅក្នុងការជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) តាមរយៈការពង្រឹងដំណើរការនៃគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) លើកកម្ពស់ការយល់ដឹងរបស់ផ្នែកពាក់ព័ន្ធ និងទាក់ទាញការចូលរួមសហការពេញលេញ ពីអាជ្ញាធរមូលដ្ឋាន
៣. ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពិនិត្យវឌ្ឍនភាព និងជំរុញការចូលរួមពីផ្នែកពាក់ព័ន្ធក្នុងការអនុវត្ត “ផែនការឆ្នាំ២០២៥ ដើម្បីជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាព” នៅក្នុងខេត្តព្រៃវែង។
នៅក្នុងដំណើរបេសកកម្មនេះ លោកជំទាវរដ្ឋលេខាធិការ និងក្រុមការងារ ក៏បានជួបប្រជុំជាមួយគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ( HCMC) និងលោកអភិបាលស្រុកពារាំង និងស្វាយអន្ទរ នៅមណ្ឌលសុខភាពកំពង់ពពឹល កញ្ចំ ពពិស និងមេបុណ្យ រួមទាំងបានចុះពិនិត្យ និងណែនាំជំរុញការកែលម្អមណ្ឌលសុខភាពចំនួន១០ កន្លែងនៅក្នុងខេត្តព្រៃវែង រួមមាន៖
• ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពារាំង៖ មណ្ឌលសុខភាពកំពង់ពពិល និង កញ្ចំ
• ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្វាយអន្ទរ៖ មណ្ឌលសុខភាពពពឺស និង មេបុណ្យ
• ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស៊ីធរកណ្ដាល៖ មណ្ឌលសុខភាពព្រៃទឹង និង អំពិលក្រៅ
• ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកញ្ជៀច៖ មណ្ឌលសុខភាពក្ដឿងរាយ និង ថ្មពូន
• ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមេសាង៖ មណ្ឌលសុខភាពស្វាយជ្រុំ និង ព្រៃរំដេង។