ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២៥
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែជេសដ្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ សុខ ជួរ ទីប្រឹក្សាក្រសួង និងជាអគ្គនាយករងបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល និងមន្រ្តីនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ និងប្រកាសអន្តរក្រសួងស្តីពីការពង្រីកវិសាលភាពនៃការអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម ២ ឆ្នាំ ដល់មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ” ដែលសហការរៀបចំដោយក្រសួងមហាផ្ទៃ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។
សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រព័ន្ធគាំពារសង្គមកម្ពុជា និងអត្ថប្រយោជន៍នៃកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម ២ ឆ្នាំ ដល់មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្ដីនៃក្រសួងមហាផ្ទៃ ដែលមានអ្នកចូលរួមសរុបប្រមាណជាង ១០០នាក់។