ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២៥
រសៀលថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥៖ ដោយមានការអនុញ្ញតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្រាចារ្យរដ្ឋមន្រ្តី បានដឹកនាំកម្មវិធីចែករំលែកចំណេះដឹង និងបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់ស្វែងរកដំណោះស្រាយដើម្បីការអភិវឌ្ឍអង្គភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៦១៣នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានសំណេះសំណាលជាមួយថ្នាក់ដឹកនាំគ្រប់កម្រិត ដើម្បីប្រមូលយកព័ត៌មានត្រឡប់លើការយល់ដឹងទៅលើ ការប្រើប្រាស់ PDIA សម្រាប់ដោះស្រាយបញ្ហានៅតាមអង្គភាពនាពេលកន្លងមក។ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់លើ លក្ខណៈពិសេសរបស់ PDIA ដែលឈរលើគោលការណ៍ Local solutions for Local problems ដែលជាគោលការណ៍មួយលើកទឹកចិត្តអោយ ថ្នាក់ដឹកនាំតាមអង្គភាពមានការគិតជាវិជ្ជមានក្នុងការស្វែងរកដំណោះស្រាយដែលអាចនឹងរកឃើញដោយក្រុមការងារនៅតាមអង្គភាពនីមួយៗ។
ជាកិច្ចបន្ត ក្រុមការងារនៃមន្ទីរពេទ្យម៉ាឡៃសន្តិភាព នៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានលើកយកបទបង្ហាញ PDIA ផ្តោតលើការកែលំអការគ្រប់គ្រងសំរាមឆ្លងរោគនៅមន្ទីរពេទ្យរបស់ខ្លួន ដោយបង្ហាញឱ្យឃើញនូវការប្រែប្រួលជាវិជ្ជមានលើការងារគ្រប់គ្រងការឆ្លងរោគនៅមន្ទីរពេទ្យ។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ចាត់ទុកការងារគ្រប់គ្រងការឆ្លងរោគនេះជាកាតព្វកិច្ចដែលត្រូវតែធ្វើឱ្យបានជោគជ័យដើម្បីជួយការពារបុគ្គលិកសុខាភិបាល និងអ្នកជំងឺព្រមទាំងសហគមន៍ឱ្យរួចផុតពីគ្រោះថ្នាក់នៃការឆ្លងរោគ។