រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាទំនាក់ទំនងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Conseil de liaison de l’Institut Pasteur du Cambodge) បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយមានការចូលរួមពី លោកស្រី Odette TOMESCU-HATTO អនុប្រធានប្រតិបត្តិនៃនាយកដ្ឋានកិច្ចការអន្តរជាតិ នៃវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងប៉ារីស និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាឯកឧត្តម Jacques Pellet លោកស្រី Mariana Trias ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងសមាជិកអចិន្ត្រៃយ៍មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត សរុបចំនួន២៨រូប។
គោលបំណង នៃកិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនងគឺ ដើម្បីពិនិត្យ និងរាយការណ៍ពីសមិទ្ធិផលការងារដែលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សម្រេចបានក្នុងស្រាវជ្រាវសុខភាពសាធារណៈ ការបណ្តុះបណ្តាល ក្នុងឆ្នាំ២០២៤ និងប្រមូលមតិកែលម្អពីសមាជិក និងផែនការអភិវឌ្ឍន៍នាពេលអនាគតរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រសួងសុខាភិបាល ព្រមទាំងផ្តល់អនុសាសន៍ដល់វិទ្យាស្ថានប៉ាស្ទ័រ ត្រូវបន្តខិតខំប្រឹងអភិវឌ្ឍន៍ និងបន្តការស្រាវជ្រាវ ក្នុងនាមជាមន្ទីរពិសោធន៍បង្អែកនៅកម្ពុជា និងសូមចែករំលែកចំណេះដឹង ផ្តល់បណ្តុះបណ្តាល និងផ្តល់កម្មសិក្សាដល់និសិត្យ និងក្រុមការងារសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តវិទ្យាស្ថានប៉ាស្ទ័រ ចូលរួមសហការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ក្នុងការអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់ ឆ្លើយតបទៅនឹងសុខភាពតែមួយ សំដៅឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។