រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងជាអនុប្រធាននៃអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា បានដឹកនាំក្រុមការងារក្រសួងសុខាភិបាលចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការរៀបចំយុទ្ធសាស្រ្តដើម្បីកាត់បន្ថយចំណាយពីហោប៉ៅលើការថែទាំសុខភាពនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម។
សិក្ខាសាលានេះបានរៀបចំឡើងក្នុងគោលបំណង (១) ចែករំលែកសេចក្តីព្រាងបឋមស្តីពីកត្តាជំរុញនៃចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាពនៅកម្ពុជា (២) ប្រមូលធាតុចូល និងមតិត្រឡប់លើសេចក្តីព្រាងបឋមពីសំណាក់ក្រសួង ស្ថាប័ន និងភាគីពាក់ និង (៣) ពិភាក្សាអំពីដំណើរការសម្រាប់កំណត់ដំណោះស្រាយចំពោះកត្តាជំរុញនៃចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាពនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល និងមន្រ្តីបច្ចេកទេសរបស់នាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានថវិកា និងហរិញ្ញវត្ថុ វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្រ្តីរបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម និយ័តករសន្តិសុខសង្គម បេឡាជាតិសន្តិសុខសង្គម តំណាងធនាគារពិភពលោក និងដៃគូពាក់ព័ន្ធផងដែរ។