ខេត្តកណ្ដាល៖ ដោយទទួលបានអនុសាសន៍ពី ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តី ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះទៅខេត្តកណ្ដាលដើម្បីចុះអភិបាលការងារគ្រប់គ្រងឱសថនៅ មន្ទីរពេទ្យបង្អែកជ័យជំនះ(CPA3) មន្ទីរពេទ្យតេជោសែនកោះធំ(CPA3) មន្ទីរពេទ្យបង្អែកស្រុក(CPA1) និងមណ្ឌលសុខភាពមើលការងារគ្រប់គ្រងមណ្ឌលទាំងមូល។
ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១) ការងារគ្រប់គ្រងមណ្ឌលសុខភាពទាំងមូល
២) ការងារពង្រឹងគុណភាពការបម្រើសេវាសុខាភិបាលក្នុងមណ្ឌលសុខភាពទាំងមូល
៣) អនាម័យក្នុងបរិវេណមណ្ឌលសុខភាព
៤) អនាម័យក្នុងមណ្ឌលសុខភាព
៥) អនាម័យក្នុងឃ្លាំងឱសថ
៦) ការងារគ្រប់គ្រងឱសថនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តកណ្ដាល។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក នៅមណ្ឌលសុខភាពទាំងអស់ មន្ទីរពេទ្យបង្អែកស្រុក(CPA1) មន្ទីរពេទ្យតេជោសែនកោះធំ(CPA3) និងមន្ទីរពេទ្យបង្អែកជ័យជំនះ(CPA3) នៅក្នុងខេត្តកណ្ដាល ដែលបានបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ព្រមជាមួយការណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវបន្តស្មារតីរួបរួមសាមគ្គីគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារឱ្យបានល្អប្រសើរគោរពវិន័យការងារក្នុងការព្យាបាលជំងឺ និងត្រូវបម្រើសេវាឱ្យបានគ្រប់ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។
គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យ និងមណ្ឌលសុខភាពដែលចុះអភិបាលមានដូចជា ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកជ័យជំនះ (CPA3) មន្ទីរពេទ្យតេជោសែនកោះធំ(CPA3) មន្ទីរពេទ្យបង្អែកស្រុកស្អាង(CPA1)មណ្ឌលសុខភាពពោធិរាម្មា ព្រែកស្ដី ព្រែកគយ រកាខ្ពស់ សិត្បូ កោះអន្លង់ចិន និងស្វាយរលំ។