ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៣ ៥៣០អង្គ/ នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនៅថ្ងៃនេះ មានចំនួនសរុប ៣ ៥៣០ អង្គ/នាក់ ក្នុងនោះ និសិ្សតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រមានចំនួន ២ ៩៤២ នាក់ (នារី ១ ៥៩៦ នាក់ ស្មើនឹង ៥៤,២៥%) និង និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៥៨៨ នាក់ (នារី ២២៦ នាក់ ស្មើនឹង ៣៨,៤៣%)។ បើពាក់ព័ន្ធនឹងជំនាញវិញ មាននិស្សិតផែ្នកនីតិសាស្ត្រចំនួន ១ ៩១១ នាក់ (នារី ៨២៤ នាក់) និស្សិតផ្នែករដ្ឋបាលសាធារណៈចំនួន ៧៨៨ នាក់ (នារី ៤៤១ នាក់) និង និស្សិតផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួន ៨៣១ នាក់ (នារី ៥៥៧ នាក់)។