ខេត្តសៀមរាបចាប់ពីថ្ងៃទី៤ ដល់ថ្ងៃ ទី៦ ខែមិថុនា ឆ្នាំ២០២៥៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាពក្នុងខេត្តចំនួន ១៣ និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា អមដំណើដោយឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល និង លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះបំពេញបេសកកម្មនៅក្នុងខេត្តសៀមរាប ដើម្បី៖
១. ពិនិត្យ និងពង្រឹងការងារផ្តល់សេវានៅតាមមណ្ឌលសុខភាព អនុលោមតាមសំណុំសកម្មភាពអប្បរមា សំដៅឆ្ពោះទៅរកការធ្វើឱ្យកាន់តែប្រសើរឡើងនូវការផ្ដល់សេវាជូនប្រជាពលរដ្ឋ
២. ពង្រឹងដំណើរការនៃគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) និងលើកកម្ពស់ការយល់ដឹងរបស់ផ្នែកពាក់ព័ន្ធដើម្បីជំរុញបង្កើនការចូលរួមការអនុវត្តការថែទាំសុខភាពបឋម នៅថ្នាក់ក្រោមជាតិ
៣. ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ជំរុញការចូលរួមពីផ្នែកពាក់ព័ន្ធក្នុងការអនុវត្ត “ផែនការឆ្នាំ២០២៥ ដើម្បីជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាព” នៅក្នុងខេត្តសៀមរាប។
នៅក្នុងដំណើរបេសកកម្មនេះ លោកជំទាវ និងក្រុមការងារបានជួបប្រជុំជាមួយគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពនៅក្នុងមណ្ឌលសុខភាព កៀនសង្កែ និងមណ្ឌលសុខភាពសៀមរាប និងបានចុះពិនិត្យណែនាំជំរុញការកែលម្អមណ្ឌលសុខភាពចំនួន១២កន្លែងនៅក្នុងខេត្តសៀមរាប ដែលមានដូចជា៖
-ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសៀមរាប: មណ្ឌលសុខភាពសៀមរាប និងមណ្ឌលសុខភាពនគរធំ
-ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសូត្រនិគម: មណ្ឌលសុខភាពកំពង់ក្ដី កៀនសង្កែ និងមណ្ឌលសុខភាពខ្ចាស់
-ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គរជុំ: មណ្ឌលសុខភាពនគរភាស គោកដូង ល្វាក្រាំង ស្រែណូយ វ៉ារិន ស្វាយស និងមណ្ឌលសុខភាពពោធិទ្រាយ។