រាជធានីភ្នំពេញ៖ ដោយបានទទួលការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពីធីប្រកាសបិទសិក្ខាសាលាស្វែងយល់ និងពិភាក្សាក្នុងការអនុវត្តគម្រោងលេខ៩៨ ស្តីពីការពង្រឹងការត្រៀមលក្ខណៈនឹងការឆ្លើយតបលើការងារសង្រ្គោះបន្ទាន់ផ្នែកវេជ្ជសាស្រ្តនៅតំបន់អាស៊ីអាគ្នេយ៍ (EU CBRN CoE Project 98 Strengthening CBRN Medical Emergency Preparedness and Response in Southeast Asia) នៅទីស្តីការក្រសួងការពារជាតិ។
ក្នុងឱកាសនៃពិធីបិទនេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ ឆ្លងកាត់កិច្ចពិភាក្សាដ៏ផុសផុលនៅនៅក្នុងអង្គសិក្ខាសាលា និងតាមរយៈដំណើរទស្សនកិច្ចសិក្សាក្នុងរយៈពេល៣ថ្ងៃ នៅតាមអង្គភាពមូលដ្ឋានសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដូចជា នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មន្ទីរពេទ្យព្រះកេតុមាលា គិលានដ្ឋាននៃវិទ្យាស្ថានស្រាវជ្រាវអាវុធគីមី និងមន្ទីរពេទ្យជាតិតេជោសន្តិភាព យើងពិតជាអាចមើលឃើញនិងយល់កាន់តែច្បាស់អំពីទិសដៅនិងវត្ថុបំណងរបស់គម្រោងលេខ៩៨ ដែលត្រូវបានបង្កើតឡើងដើម្បីពង្រឹងសមត្ថភាពកម្លាំងឆ្លើយតប ក៏ដូចជាបុគ្គលិកជំនាញបច្ចេកទេសពាក់ព័ន្ធនៃបណ្តាប្រទេសជាដៃគូនៃគម្រោងនិយាយជារួម និងនិយាយដោយឡែក ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិនៃកម្ពុជា ដោយផ្អែកតាមតម្រូវការជាក់ស្តែង ដែលនឹងធ្វើឡើងនាពេលខាងមុខ ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ដោយផ្តោតលើការគ្រប់គ្រងកន្លែងកើតហេតុ ការថែទាំវេជ្ជសាស្ត្របឋមមុនពេលបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ការថែទាំវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ និងការសង្គ្រោះបន្ទាន់នៅតាមច្រកព្រំដែន។ ជាពិសេសពង្រឹងសមត្ថភាពបច្ចេកទេសថ្នាក់ជាតិនៃកម្ពុជា ផ្នែករោគរាតត្បាតសាស្ត្រ ដើម្បីអង្កេតស្រាវជ្រាវសារធាតុគីមី ជំងឺឆ្លង វិទ្យុសកម្ម នុយក្លេអ៊ែរ និងហេតុការណ៍បរិស្ថានផ្សេងៗ ដែលពាក់ព័ន្ធនឹងសុខភាពសាធារណៈប្រកបដោយប្រសិទ្ធភាពជាផ្លែផ្កា។
ក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពី ឯឧត្តមឧត្តមសេនីយ៍ទោ នឿន វិទ្យា អគ្គលេខាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី លោកស្រីសាស្ត្រាចារ្យ បណ្ឌិត Raquel Duarte Davidson ប្រធានដឹកនាំគម្រោង ៩៨ និងសហការី ព្រមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជានាយទាហាន នាយទាហានរង នៃអាជ្ញាធរជាតិអាវុធគីមី និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ក៏មានវត្តមានក្នុងឱកាសបិទអង្គសិក្ខាសាលានេះផងដែរ។