រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលក្នុងការរៀបចំប្រកាស ស្តីពីស្តង់ដាអប្បបរមានៃគ្រឹះស្ថានសម្ព័ន្ធទ្រទ្រង់កម្មសិក្សា សម្រាប់និស្សិតផ្នែកឱសថសាស្ត្រ នៅសណ្ឋាគារ Anik Palace។
សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណងក្នុងការកំណត់បែបបទ និងលក្ខខណ្ឌអប្បបរមានៃគ្រឹះស្ថានសម្ព័ន្ធទ្រទ្រង់កម្មសិក្សា ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការធ្វើកម្មសិក្សា ដោយផ្តោតលើការអប់រំផ្អែកលើសមត្ថភាពជាមូលដ្ឋាន តាមរយ់ៈការបង្កើតយន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ការអនុវត្តកម្មសិក្សារបស់និស្សិតផ្នែកឱសថសាស្ត្រ ដែលកំពុងទទួលការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានសិក្សាក្នុងវិស័យសុខាភិបាល ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលាពិគ្រោះយោបល់នេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនសុជាតិ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រីសាស្ត្រាចារ្យជំនួយ ទូច សុខនាង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស លោកសាស្ត្រាចារ្យជំនួយ អៀង រ័ត្នមុនី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មន្ត្រីរាជការនៃក្រសួងសុខាភិបាល តំណាងគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលរដ្ឋ និងឯកជន មន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកក្នុងរាជធានីភ្នំពេញ មជ្ឈមណ្ឌលជាតិ វិទ្យាស្ថានប៉ាស័្ទរកម្ពុជា មន្ទីរពិសោធន៍ជាតិ ឃ្លាំងឱសថកណ្តាល មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញនិងខេត្តកណ្តាល សហគ្រាសផលិតឱសថ និងឱសថស្ថានឯកជន។