ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារផ្តល់សេវាសុខភាពមាត់-ធ្មេញ នៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ក្រោយសកម្មភាពចុះត្រួតពិនិត្យជាក់ស្តែងអំពីស្ថានភាពទូទៅក្នុងផ្នែកផ្តល់សេវាសុខភាពមាត់-ធ្មេញ របស់មន្ទីរពេទ្យ ឯកឧត្តមរដ្ឋលេខាធិការក៏បានឆ្លៀតឱកាសសំណេះសំណាលសាកសួរសុខទុក្ខ ជូនដល់មន្ត្រីសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងប្រជុំពិភាក្សាបូកសរុបលទ្ធផលជាមួយ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ព្រមទាំងមន្រ្តីសុខាភិបាលពាក់ព័ន្ធ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍គន្លឹះចំនួន ៦ចំណុច សំដៅដល់គុណតម្លៃចម្បង នៃការងារផ្តល់សេវាសុខភាពមាត់-ធ្មេញគឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាពខ្ពស់ និងទំនុកចិត្តពីប្រជាពលរដ្ឋ ដូចខាងក្រោម៖
១) រៀបចំផែនការអភិវឌ្ឍន៍ការងារផ្តល់សេវា រួមមានផែនការរៀបចំកែលម្អ ផ្នែកសុខភាពមាត់-ធ្មេញ រចនាសម្ព័ន្ធបុគ្គលិក និងការស្នើសុំឧបករណ៍ សម្ភារៈ បរិក្ខារ និងឱសថសារវន្ដ ដែលមានតម្រូវការចាំបាច់ជាអាទិភាព។
២) រៀបចំផែនការអភិវឌ្ឍន៍ការងារអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមមូលដ្ឋានសុខាភិបាលសាធារណៈ សាលារៀន និងសហគមន៍ផ្សេងៗ ដើម្បីបញ្រ្ជាបការយល់ដឹងពីបញ្ហាប្រឈមនឹងជំងឺមាត់-ធ្មេញ។
៣) ពង្រឹងការងារកត់ត្រាទិន្នន័យអ្នកជំងឺ និងបញ្ចូលទៅក្នុងប្រព័ន្ធព័ត៌មានសុខាភិបាល ឱ្យបានត្រឹមត្រូវ។
៤) សូមឱ្យគណៈទន្តពេទ្យ និងគណៈគិលានុបដ្ឋាក រៀបចំផែនការអនុវត្តរបស់ខ្លួនឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងត្រូវធ្វើការត្រួតពិនិត្យ តាមដាន និងវាយតម្លៃជាប្រចាំ នូវគុណវឌ្ឍិរបស់អ្នកប្រកបវិជ្ជាជីវៈរបស់ខ្លួន ដើម្បីផ្តល់សេវាជូនអ្នកជំងឺ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
៥) សូមឱ្យសមត្ថកិច្ចពាក់ព័ន្ធការងារគ្រប់គ្រងសេវាឯកជន រួមមានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ បន្តចុះពង្រឹងត្រួតពិនិត្យ នៅតាមទីតាំងផ្តល់សេវាពិគ្រោះព្យាបាល និងថែទាំជំងឺមាត់-ធ្មេញ ឯកជនឱ្យបានហ្មត់ចត់ មុនផ្តល់លិខិតអនុញ្ញាតប្រកបវិជ្ជាជីវៈ ជូន ដើម្បីធានាសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋ។
៦) សូមឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាល យកចិត្តទុកដាក់ សហការគាំទ្រ ដល់មន្ត្រីបង្គោលសុខភាពមាត់-ធ្មេញ ដើម្បីជម្រុញសកម្មភាពផ្តល់សេវាសុខភាពមាត់-ធ្មេញ នៅគ្រប់មូលដ្ឋានសុខាភិបាលខ្លួន ជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ព្រមទាំងថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ដល់ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីសុខាភិបាលក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់ទាំងកម្លាំងកាយចិត្ត បំពេញការងារកន្លងមក ពិសេសដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តផ្ទាល់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមជំរុញគាំទ្រដល់សកម្មភាពផ្តល់សេវាសុខភាពមាត់-ធ្មេញ និងបន្តអនុវត្តសកម្មភាពនេះបម្រើជូនប្រជាជនឱ្យកាន់តែប្រសើរឡើងថែមទៀត។
គួរបញ្ជាក់ផងដែរថា បេសកកម្មខាងលើ មានការចូលរួមពី លោកវេជ្ជបណ្ឌិត ជិន កែវសុវណ្ណ អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ លោកស្រីឱសថការី មិន សុគន្ធា អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុ ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ត្រីការិយាល័យសុខភាពមាត់-ធ្មេញ នៃនាយកដ្ឋានការពារសុខភាព មន្ត្រីបង្គោលសុខភាពមាត់-ធ្មេញ នៃមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរពេទ្យ មន្ត្រីពាក់ព័ន្ធ និងអង្កការដៃគូរផងដែរ៕