ពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រជាតិ ទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦
ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី ៦ ឆ្នាំ២០២៤-២០២៨ (NSP VI) និងលទ្ធផលការអង្កេតជាតិនៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២០-២០២២ (NASA VII) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា។
ការប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ NSP VI និង NASA VII គឺមានគោលបំណងបង្ហាញពីសុឆន្ទៈនយោបាយដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្ពោះទៅសម្រេចបាននូវគោលដៅ និងការបញ្ចប់ការគំរាមកំហែងពីមេរោគអេដស៍ និងជំងឺអេដស៍ចំពោះសុខភាពសាធារណៈ ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមគាំទ្រយ៉ាងសកម្ម ទូលំទូលាយ និងពហុវិស័យ ពីគ្រប់ស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន អ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះ។
ផែនការយុទ្ធសាស្រ្តជាតិនេះ គឺប្រាថ្នាចង់ឱ្យប្រជាជនទាំងអស់នៅក្នុងប្រទេសកម្ពុជា រស់នៅប្រកបដោយសុខភាព និងផលិតភាព ដោយមិនឆ្លងមេរោគអេដស៍ និងគ្មានការមាក់ងាយ ឬការរើសអើងដែលទាក់ទងនឹងមេរោគអេដស៍។ ហើយផែនការយុទ្ធសាស្ត្រជាតិនេះ ក៏ផ្តល់ជាផែនទីបង្ហាញផ្លូវសម្រាប់អ្នកពាក់ព័ន្ធជាតិ និងអន្តរជាតិ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងធានាបានការចូលរួមប្រកបដោយបរិយាបន្ន និងផ្អែកលើសិទ្ធិមនុស្សចំពោះការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរួមពីសមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, តំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន, តំណាងអង្គការ UNAIDS USAID HACC KHANA PEPFAR LHSS មូលនិធិសកល តំណាងក្រុមបំប្លែងភេទ តំណាងស្រ្តីបម្រើសេវាកម្សាន្តសប្បាយ និងតំណាងក្រុមយុវវ័យ ព្រមទាំងតំណាងមកពីភាគីពាក់ព័ន្ធនានា សរុបប្រមាណ៩០នាក់។