Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល «ក្មួយៗ ត្រូវខិតខំសិក្សា ដើម្បីកសាងសមត្ថភាពក្លាយជាក្តីសង្ឃឹមរបស់ក្រុមគ្រួសារ សង្គមជាតិ ជាពិសេសអ្នកជំងឺ»
ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបង្រៀនទ្រីស្តី និងថ្នាក់បង្ហាញត្រាប់ ដោយពុំជូនដំណឹងជាមុន នៃមហាវិទ្យាល័យវេជ្ជសាស្រ្ត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទីតាំងទី១។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យដោយផ្ទាល់នៅក្នុងថ្នាក់រៀន ទាំងការបង្រៀនរបស់សាស្រ្តាចារ្យ និងនិស្សិត។ ឯកឧត្តមសាស្រ្តាចារ្យ បានចែករំលែកវិធីសាស្រ្តគន្លឹះដល់ក្មួយនិស្សិត ក្នុងការសិក្សារៀនសូត្រ ត្រូវមានភាពរវៀសរវៃ រហ័ស ឆន្ទៈរៀនសូត្រ ប្រើពេលវេលាសិក្សាឱ្យបានត្រឹមត្រូវ និងឱ្យអស់ពីលទ្ធភាព ទាំងការស្តាប់ និងការកត់ត្រា ព្រមទាំងត្រូវមានភាពក្លាហានលើកជាសំណួរឱ្យបានច្រើន ដល់គ្រូបង្រៀន។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា ការសិក្សាមិនចេះចប់នោះទេ ទាំងពេលការសិក្សា រហូតដល់ពេលបំពេញការងារ ក៏ត្រូវបន្តសិក្សាជាប្រចាំ ដើម្បីបន្តពង្រឹងសមត្ថភាព ការធ្វើនវានុវត្តស្របតាមសម័យកាល និងស្វែងយល់នូវវិធីសាស្រ្តថ្មីៗបន្ថែមទៀត។ ពេលក្មួយបញ្ចប់ការសិក្សា ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដែលជាក្តីសង្ឃឹមរបស់អ្នកជំងឺ។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ចំនួន ៤ ចំណុច ជូនសាស្រ្តាចារ្យ រួមមាន៖ ១) បន្តរៀនសូត្រជាប្រចាំ សំដៅបច្ចុប្បន្នភាពចំណេះដឹងរបស់ខ្លួន ឱ្យបានជាប្រចាំ ២) បណ្តុះបណ្តាលបន្តដល់អ្នកជំនាន់ក្រោយ ឱ្យមានសមត្ថភាព និងក្លាយជាអ្នកបន្តវេន ៣) ពង្រឹងសមត្ថភាព គរុកោសល្យ និងស្រាវជ្រាវ ឱ្យទាន់សម័យ ៤) ត្រូវមាននវានុវត្តន៍ក្នុងការបង្រៀន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ខិតខំបន្ថែមទៀត វិនិយោគលើឧបករណ៍បង្រៀន និងបង្ហាញត្រាប់ បញ្ចូលបន្ថែមការបង្រៀន និងការវាយតម្លៃនិស្សិតលើក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត តាំងពីឆ្នាំដំបូង ក្នុងពេលសិក្សាពាក់កណ្តាលកម្មវិធីសិក្សា រហូតដល់ឆ្នាំបញ្ចប់ សំដៅពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈនិស្សិត ឱ្យមានឥរិយាបទ ល្អប្រពៃ ក្នុងការប្រាស្រ័យទំនាក់ទំនងជាមួយអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការគាំទ្រដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឱ្យបន្តខិតខំពង្រឹងគុណភាពបណ្តុះបណ្តាល ដើម្បីផលិតធនធានមនុស្សដែលមានគុណភាពខ្ពស់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាជូនអ្នកជំងឺប្រកបដោយគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40