រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ នីតិវិធីប្រតិបត្តិ កិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ញុឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅសណ្ឋាគារ សាន់អែនមូន។
ពិធីនេះ មានសមាសភាពចូលរួមពី ឯកឧត្តម លោកជំទាវ តំណាង ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ក្រសួង ស្ថាប័ន ពាក់ព័ន្ធ លោក លោកស្រីប្រធានមន្ទីរ ស.អ.យ. រាជធានី ខេត្ត ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សរុបអ្នកចូលរួម ចំនួន ១៥៥នាក់។