Cambodia
ព័ត៌មានលំអិត

Image
ដំណើរទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងជំងឺមិនឆ្លងរបស់គណៈប្រតិភូក្រសួងសុខាភិបាលនៅក្នុងប្រទេសជប៉ុន
ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៥

ប្រទេសជប៉ុន៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងកម្មវិធីគ្រប់គ្រងជំងឺមិនឆ្លងជាមួយអង្គការJICA បានដឹកគណៈប្រតិភូក្រសួងសុខាភិបាលចូលរួមទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងជំងឺមិនឆ្លងនៅក្នុងប្រទេសជប៉ុន។ 

ការចុះសិក្សាស្វែងយល់អំពីការគ្រប់គ្រងជំងឺមិនឆ្លងពិសេសជំងឺទឹកនោមផ្អែមនៅក្នុងប្រទេសជប៉ុន អង្គការJICA បានសម្របសម្រួលឱ្យគណៈប្រតិភូបានសិក្សាស្វែងយល់ទាំងផ្នែកទ្រឹស្ដីនិងការចុះពិនិត្យមើលផ្ទាល់នៅតាមមន្ទីរពេទ្យនិងទីតាំងផ្ដល់សេវាពីកម្រិតក្រសួងសុខាភិបាល មន្ទីរពេទ្យសាកលវិទ្យាល័យ និងតាមបណ្ដាមូលដ្ឋានសុខាភិបាល(មណ្ឌលសុខភាព)នៅក្នុងប្រទេសជប៉ុន។

ឯកឧត្តមរដ្ឋលេខាធិការក្នុងនាមឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណទៅដល់ប្រជាជនជប៉ុនជាពិសេសអង្គការJICA ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលទស្សនកិច្ចសិក្សានេះដែលជាកម្មវិធីមួយដែលមានសារៈប្រយោជន៍យ៉ាងខ្លាំងស្របពេលជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងសុខាភិបាលកម្ពុជា បាននឹងកំពុងខិតខំប្រយុទ្ធប្រឆាំងទប់ស្កាត់ការកើនឡើងនៃជំងឺមិនឆ្លងជាពិសេសជំងឺទឹកនោមផ្អែមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងរយៈពេលសិក្សាស្វែងយល់នេះគណៈប្រតិភូកម្ពុជាទទួលបានចំណេះដឹងថ្មីៗជាច្រើនទៀតពីប្រទេសជប៉ុនដែលជាបទពិសោធន៍មួយដែលមានសារៈសំខាន់ដើម្បីយកមករៀបចំពង្រឹងសមត្ថភាពនៃការផ្ដល់សេវាផ្នែកថែទាំព្យាបាលជំងឺទឹកនោមផ្អែមនៅតាមមូលដ្ឋានសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពនិងសមត្ថភាពខ្ពស់ថែមទៀត។

ទស្សនកិច្ចសិក្សានេះមានសមាសភាពអញ្ជើញមកពីនាយកដ្ឋានការពារសុខភាព មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ស្រុកប្រតិបត្តិនិងមន្ទីរពេទ្យបង្អែកក្នុងខេត្តកំពង់ចាម ដែលមានសមាសភាពសរុបចំនួន ១០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7