Cambodia
ព័ត៌មានលំអិត

Image
វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រុម “ឋ” ដើម្បីពិនិត្យពិភាក្សា ផ្លាស់ប្តូរយោបល់ ធ្វើឱ្យប្រសើរឡើងរវាងក្រសួងសុខាភិបាល និងផ្នែកឯកជន
ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកសុខាភិបាល ក្រុម “ឋ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាសហប្រធានក្រុមការងារផ្នែកវិស័យសុខាភិបាល និងឧកញ៉ាសាស្រ្តាចារ្យ តាន់ គីមមេង សហប្រធានក្រុមការងារផ្នែកសុខាភិបាល តំណាងផ្នែកឯកជន ដើម្បីពិនិត្យពិភាក្សា ផ្លាស់ប្តូរយោបល់ និងទទួលព័ត៌មានត្រឡប់ ដើម្បីធ្វើការកែលម្អឱ្យកាន់តែប្រសើរឡើងរវាងក្រសួងសុខាភិបាល និងផ្នែកឯកជន។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថាវិស័យឯកជនជាដៃគូដ៏សំខាន់សម្រាប់ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសុខាភិបាលកាន់តែល្អប្រសើរ។ ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តម សូមស្វាគមន៍នូវមតិយោបល់កែលម្អ ដើម្បីពិភាក្សារួមគ្នា ស្វែងរកដំណោះស្រាយ ធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលសាធារណៈ និងឯកជន កាន់តែល្អប្រសើរប្រកបដោយគុណភាព ប្រសិទ្ធ និងរីកចម្រើនថែមទៀត។ បន្ថែមពីនេះ ត្រូវអនុវត្តឱ្យស្របទៅនឹងនិយាមវិជ្ជាជីវៈ ព្រោះវិស័យនេះមានសារៈសំខាន់ណាស់ ទាក់ទងនឹងជីវិតមនុស្ស ឈានទៅការកាត់បន្ថយការឈឺ និងស្លាប់ ជាពិសេសការស្លាប់របស់ទារក កុមារ និងមាតា។ ទន្ទឹមគ្នានេះដែរ ក្រសួងសុខាភិបាល សូមស្វាគមន៍ និងលើកទឹកចិត្តការទទួលយកអ្នកឯកទេស មកជួយអភិវឌ្ឍន៍វិស័យសុខាភិបាល។  

ក្នុងនោះដែរ ឧកញ៉ាសាស្រ្តាចារ្យ តាន់ គីមមេង សហប្រធាន តំណាងវិស័យឯកជន បានកោតសរសើរដល់ក្រសួងសុខាភិបាល ដែលកន្លងមកបានធ្វើការផ្តល់សេវាសុខាភិបាល ជូនវិស័យឯកជនបានកាន់តែល្អប្រសើរ និងបន្តការងារអនុវត្តច្បាប់ប្រកបដោយភាពត្រឹមត្រូវ និងស្មើភាព។

កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាក្រុមការងារតាមវិស័យសម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន និងឯកឧត្តម លោកជំទាវ  លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្រ្តីសុខាភិបាលពាក់ព័ន្ធ និងឧកញ៉ា ឯកឧត្តម លោកជំទាវ តំណាងមកពី ១៨ស្ថាប័ន៖ ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម ក្រសួងផែនការ ក្រសួងកិច្ចការនារី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងរ៉ែ និងថាមពល រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ អគ្គនាយកដ្ឋានពន្ធដារ និងនិយ័តករសន្តិសុខសង្គម ព្រមទាំងគ្រឹះស្ថានសុខាភិបាលឯកជន សរុបចំនួន ៨៦រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19