រាជធានីភ្នំពេញ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសុខភាពជនមានពិការភាពនៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាតម្រង់ទិសស្តីពីការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសមធម៌សុខភាពសម្រាប់ជនមានពិការភាពក្នុងវិស័យសុខាភិបាល២០២៥-២០៣០។
សូមបញ្ជាក់ថាគោលនយោបាយ និងផែនការយុទ្ធសាស្ត្រស្តីពីសមធម៌សុខភាពសម្រាប់ជនមានពិការភាពក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៥-២០៣០នេះ នឹងឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងសង្គមមួយដែលរីកចម្រើន និងបរិយាប័ន្ន។ ការលើកកម្ពស់សេវាសុខភាព ការពង្រីកវិសាលភាពគ្របដណ្តប់ និងការលើកកម្ពស់សមធម៌សុខភាពសម្រាប់ប្រជាជនទាំងអស់ជារួម និងសំរាប់ជនពិការទាំងអស់ គឺស្របតាមគោលនយោបាយគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ របស់រាជរដ្ឋាភិបាល។
គោលនយោបាយ និងផែនការយុទ្ធសាស្ត្រនេះផ្តោតលើការប្តេជ្ញាចិត្តផ្នែកនយោបាយ ភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច ហិរញ្ញប្បទានសុខភាព ការចូលរួមពីអ្នកពាក់ព័ន្ធ និងអ្នកផ្តល់សេវាឯកជន គម្រូនៃការថែទាំរួមទាំងការស្តារលទ្ធភាពពលកម្ម និងឧបករណ៍ជំនួយ អ្នកបកប្រែភាសាសញ្ញា ធនធានមនុស្សផ្នែកសុខភាពនិងការថែទាំហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងមូលដ្ឋានសុខាភិបាលសម្រាប់ជនមានពិការភាពចូលមកប្រើប្រាស់សេវា បច្ចេកវិទ្យាឌីជីថលសម្រាប់សុខភាព គុណភាពនៃសេវាថែទាំសុខភាព ការត្រួតពិនិត្យ និងការវាយតម្លៃការអនុវត្តគោលនយោបាយនិងផែនការយុទ្ធសាស្រ្ត។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការក៏បានមានមតិជូនដល់អង្គសិក្ខាសាលាទាំងមូលខិតខំផ្តល់មតិយោបល់និងធាតុចូលល្អៗ ដើម្បីពន្លឿនការសំរេចបាននូវ គោលនយោបាយនិងផែនការយុទ្ធសាស្ត្រស្តីពីសមធម៌សុខភាពជនមានពិការយកទៅដាក់អនុវត្តអោយមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបានអំពាវនាវដល់មូលដ្ឋានសុខាភិបាលគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់បន្ថែមទាំងការលើកកំពស់គុណភាពសេវា ទាំងការទំនាក់ទំនងល្អ យល់ចិត្តជាមួយបងប្អូនមានពិការភាពដែលមានតម្រូវការសេវាផ្នែកសុខភាព មកទទួលសេវាសុខាភិបាលប្រកបដោយក្រមសីលធម៌វិជ្ជាជីវ:ខ្ពស់ និងគ្រប់ជ្រុងជ្រោយពីមន្ត្រីសុខាភិបាល។
សិក្ខាសាលានេះមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាច្រើនដូចជាអគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា អគ្គនាយកក្រុមប្រឹក្សាសកម្មភាពជនពិការ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្រ្គោះជនពិការដោយសារមីន បងប្អូនជនពិការជាតំណាង អង្គការក្រៅរដ្ឋាភិបាលនានា ប្រធានមន្ទីរសុខាភិបាលខេត្តមួយចំនួន អង្គការសុខភាពពិភពលោក WHO ព្រមទាំងដៃគូអភិវឌ្ឍន៍ផ្សេងទៀតដូចជា Vital Strategies DFAT/ ACCESS 2 ATscale/CHAI Australian Aid តំណាងអង្គការជនពិការកម្ពុជាពីខេត្តមួយចំនួនសរុបប្រមាណ៦៨នាក់។