រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យស.វ.ស នៅទីតាំងទី៣ ស.វ.ស ដោយមានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយករងគម្រោងសាងសង់មន្ទីរពេទ្យស.វ.ស តំណាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រុមការងារក្រសួងសុខាភិបាល ក្រុមការងារក្រុមហ៊ុនសាងសង់មន្ទីរពេទ្យស.វ.ស និងក្រុមការងារក្រុមហ៊ុនទីប្រឹក្សាគម្រោងសាងសង់មន្ទីរពេទ្យស.វ.ស សរុបប្រមាណ ១២ រូប។
លោកជំទាវនាយកគម្រោង បានសំដែងនូវការកោតសរសើរចំពោះការខិតខំរបស់ក្រុមហ៊ុនទទួលការងារសាងសង់មន្ទីរពេទ្យស.វ.ស ដែលបានសាងសង់សំណង់មន្ទីរពេទ្យ លឿនជាងផែនការគ្រោងទុក។ បន្ថែមនេះ លោកជំទាវនាយកគម្រោង បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុនសាងសង់មន្ទីរពេទ្យស.វ.ស ដូចខាងក្រោម៖
១-ត្រូវយកចិត្តទុកដាក់ លើគុណភាពនៃមេកានិក អគ្គិសនី និងប្រព័ន្ធទឹក ជៀសវាងការខូចខាត និងជួសជុលនៅពេលក្រោយ។ ករណីនេះ ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ លើគុណវុឌ្ឍ និងគុណភាពការងារ របស់ក្រុមហ៊ុនទទួលការងារបន្ត។
២-ត្រូវយកចិត្តទុកដាក់លើការផ្គត់ផ្គង់សម្ភារៈសាងសង់ និងសម្ភារៈបំពាក់នានា ដោយគិតលើគុណភាព និងពេលវេលាផ្គត់ផ្គង់ ដើម្បីជៀសវាងបញ្ហាពន្យាពេល ដោយករណី ជាយថាហេតុណាមួយ
៣-ត្រូវយកចិត្តទុកដាក់ លើការគណនាថវិកា និងការរៀបចំរបាយការណ៍ ស្នើសុំការទូទាត់ថវិកា ឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងមានភាពយឺតយ៉ាវលើការងារទូទាត់
៤-ត្រូវមានការគ្រប់គ្រងបុគ្គលិក កម្មករ ឱ្យបានត្រឹមត្រូវ និងត្រូវពង្រឹងការងារគ្រប់គ្រងនេះ ធានាថារាល់បុគ្គលិក និងកម្មករទាំងអស់មានឯកសារត្រឹមត្រូវ និងស្របច្បាប់
៥-ត្រូវមានការសម្អាត និងការរៀបចំសម្ភារៈ និងកាកសំណល់ ឱ្យបានស្អាត និងប្រកបដោយសណ្តាប់ធ្នាប់
៦-ត្រូវកែលម្អឡើងវិញអនាម័យ នៅតាមទីតាំងចំណីអាហារ ទឹកបរិភោគ បង្គន់អនាម័យ និងទីតាំងសម្រាករបស់កម្មករ និងការបាញ់ថ្នាំសម្លាប់សត្វរុយជាប្រចាំ ជៀសវាងការបង្ករហានិភ័យផ្នែកសុខភាពដល់កម្មករ ដែលកំពុងបម្រើការងារ។
បន្ថែមនេះ លោកជំទាវនាយកគម្រោង ក៏បានផ្តល់អនុសាសន៍ណែនាំផ្សេងៗទៀត ជំរុញបង្កើនការប្រុងប្រយ័ត្ន លើបញ្ហាអាកាសធាតុ និងបរិស្ថាន ព្រមទាំងវិធានការសង្គ្រោះកម្មករ ក្នុងករណីចៃដន្យ ឬជំងឺធ្ងន់ណាមួយ ដើម្បីជៀសវាងដំណើរការសាងសង់ មានភាពអាក់ខាន ឬយឺតយ៉ាវ។
គួរជម្រាបថា៖ គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) បាន ២១.៥១% ដោយជិតបញ្ចប់ការងារជាន់ក្រោមដី និងកំពុងដំណើរការសាងសង់ជាន់ទី១ ផងដែរ។