រាជធានីភ្នំពេញ៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៥ កម្មវិធីជាតិសុខភាពភ្នែក បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងព័ត៌មានសុខភាពភ្នែកក្នុងប្រព័ន្ធព័ត៌មានសុខាភិបាលថ្នាក់ក្រោមជាតិ និងការកែលម្អគុណភាពនៃការវះកាត់ជំងឺបាយភ្នែក និងសុវត្ថិភាពអ្នកជំងឺ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ភ្នំពេញ ក្រោមវត្តមាន ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាង ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានពាំនាំការផ្តាំផ្ញើរ និងកោតសរសើរពីឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តី ជូនដល់កម្មវិធីជាតិសុខភាពភ្នែកចំពោះការសម្រេចបានជាលទ្ធផលគួរអោយមោទនភាពសម្រាប់កម្ពុជា ដែលក្នុងនោះកម្ពុជាកំពុងត្រូវបានយកជាគម្រូលើបទពិសោធន៍សម្រាប់អន្តរជាតិលើការផ្តល់សេវាភ្នែកក្នុងសហគមន៍ ក៏ដូចជាការពង្រីកការបណ្តុះបណ្តាល និងរៀបចំបន្តពង្រីកធនធានមនុស្ស។ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានផ្តល់អនុសាសន៍ណែនាំ និងផ្តាំផ្ញើដល់សិក្ខាកាម ដែលបានចូលរួមក្នុងសិក្ខាសាលានេះ៖
• អនុវត្តតាមគោលការណ៍ណែនាំបច្ចេកទេសស្តីពីការកែលម្អគុណភាពនៃការវះកាត់បាយភ្នែក ឱ្យបានម៉ឺងម៉ាត់ ដោយធានាបាននូវការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍
• ប្រើប្រាស់យន្តការក្រុមការងារបច្ចេកទេសនៃកម្មវិធីសុខភាពភ្នែកដែលមានស្រាប់ ដើម្បីបន្តពង្រឹងគុណភាព វិសាលភាព និងនិរន្តភាពសុខភាពភ្នែក។
• ធ្វើទំនើបកម្ម និងពង្រឹងគុណភាពប្រកបដោយនវានុវត្តន៍ ឌីជីថល ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ
• ធ្វើបច្ចុប្បន្នភាពនៃជំងឺភ្នែកនៅក្នុងប្រព័ន្ធព័ត៌មានសុខាភិបាល (HC1 & HO2)
• បញ្ចូលទិន្នន័យឱ្យបានត្រឹមត្រូវនៅក្នុងប្រព័ន្ធព័ត៌មានសុខាភិបាល
• បង្កើនចំណេះដឹងបន្ថែមស្តីពីជំងឺភ្នែក និងប្រើប្រាស់សូចនាករថ្មី ក្នុងប្រព័ន្ធព័ត៌មានសុខាភិបាល ដល់មន្ត្រីថ្នាក់ក្រោមជាតិ ជាពិសេស មន្ត្រីទទួលបន្ទុកផ្នែកប្រព័ន្ធព័ត៌មាន និងរបាយការណ៍។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកស្រា្តចារ្យ ដោរ សីហារ អនុប្រធានកម្មវិធីជាតិសុខភាពភ្នែក និងនាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោក បាក់ តូក្យូ លោកនាយកមូលនិធិហ្រ្វេដហូឡូ និងមន្រ្តីទទួលបន្ទុកព័ត៌មានសុខាភិបាលមកពីមន្ទីរសុខាភិបាលខេត្ត និងអាគារចក្ខុរោគ ខេត្ត/ក្រុងទាំង៧ មានដូចជា មន្ទីរសុខភាព/អាគារចក្ខុរោគខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ ព្រះសីហនុ ត្បូងឃ្មុំ កណ្តាល និងភ្នំពេញ ដែលមានសិក្ខាកាមសរុបចំនួន១២០រូប។