រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងទទួលបន្ទុកការងារជំងឺឆ្លង បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យមើលការគ្រប់គ្រងការងាររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង។
គោលបំណងនៃកិច្ចប្រជុំមាន ៣សំខាន់៖
ទី១-ពិនិត្យតួនាទី និងភារកិច្ចនិងការទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំនៃនាយកដ្ឋានដែលបានកំណត់
ទី២ -កំណត់ភាពចន្លោះប្រហោង និងបញ្ហាប្រឈម និងដំណោះស្រាយ
ទី៣-ដាក់ចេញនូវសកម្មភាពបន្តក្នុងការពង្រឹងការងារសម្របសម្រួលឆ្លើយតបឱ្យបានរហ័សទៅនឹងការផ្ទុះនូវជំងឺឆ្លងនានាដែលជា បញ្ហាប្រឈមសុខភាពសាធារណៈ។
លទ្ធផលនៃអង្គប្រជុំ៖
ក្រៅពីពិភាក្សាទៅលើភារកិច្ចសំខាន់ៗរបស់ នាយកដ្ឋានរួចមក លោកជំទាវរដ្ឋលេខាធិការ ទទួលបន្ទុកការងារជំងឺឆ្លង បានផ្តល់អនុសាសន៍ដល់ក្រុមការងារនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រួមមាន ៤ចំណុចសំខាន់ៗ៖
១). នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងត្រូវរៀបចំវគ្គបណ្តុះបណ្តាលដោយផ្ទាល់រយៈពេលមួយព្រឹក ស្តីពីការងារគ្រប់គ្រងជំងឺឆ្លងដែលមានហានិភ័យសុខភាពសាធារណៈ សម្រាប់គ្រូពេទ្យនៅមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យខេត្ត ចំនួន ១វគ្គ
២). នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងត្រូវពិនិត្យលទ្ធភាពបែងចែកខេត្ត ក្នុងការទទួលខុសត្រូវ ជូនទៅ អនុប្រធាននាយកដ្ឋាននីមួយៗ និងធ្វើការងារឱ្យមានលក្ខណៈជាក្រុម ក្នុងនាយកដ្ឋានរួមគ្នា ឬប្តូរវេនគ្នា ក្នុងការទទួលខុសត្រូវ ជៀសវាងកុំឱ្យម្នាក់ៗ កាន់ដាច់ៗតែឯង ក្នុងគោលបំណងដើម្បីដឹងអង្គហេតុនៃព្រឹត្តិការណ៍ផ្ទុះរាតត្បាតរួមគ្នា
៣). នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងត្រូវត្រៀមលក្ខណៈឆ្លើយតបជាបុរេសកម្មជាប់ជាប្រចាំ ប្រកបដោយការសហការគ្នា សាមគ្គីភាពផ្ទៃក្នុងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈសុខភាពសាធារណៈ
៤). ត្រៀមរៀបចំ និងគ្រប់គ្រង ការងារ ចត្តាទ្បីស័ក នៅព្រលានយន្តហោះតេជោ (ព្រលានថ្មី) ពង្រឹងការងារ ចត្តាទ្បីស័កនៅគ្រប់ច្រក ដេីម្បីទប់ស្កាត់ការនាំចូល នៃជំងឺរាតត្បាត នានាជាយថាហេតុ។