រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានការចាត់តាំងជាតំណាង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសន្និសីទឱសថសាស្ត្រ លើកទី៥ ក្រោមមូលបទ "នវានុវត្តន៍ និងបញ្ញាសប្បនិម្មិតនៅក្នុងវិស័យឱសថសាស្ត្រ" នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។
សន្និសីទរយៈពេល ២ថ្ងៃនេះ មានគោលបំណងដូចខាងក្រោម៖
- ផ្សព្វផ្សាយចំណេះដឹងថ្មីៗអំពីការវិវត្តបញ្ញាសិប្បនិម្មិត(AI) និងបច្ចេកវិទ្យាផ្សេងៗក្នុងវិស័យឱសថសាស្ត្រ
- លើកកម្ពស់វិស័យឱសថសាស្ត្រ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសុខាភិបាល
- ចែករំលែកបទពិសោធន៍ និងការសិក្សាអនុវត្តពាក់ព័ន្ធនឹងការប្រើប្រាស់ AI និងបច្ចេកវិទ្យាផ្សេងៗ
- បង្កើត និងបង្កើនឱកាសសហការជាមួយស្ថាប័នសុខាភិបាល អង្គការស្រាវជ្រាវ និងឧស្សាហកម្មឱសថ
- ពិភាក្សាជុំវិញប្រធានបទ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងវិស័យឱសថសាស្ត្រ និងការថែទាំសុខភាពក្នុងបរិបទឌីជីថល
- ការកសាងទំនាក់ទំនងល្អរវាងសហភាតាឱសថការី និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។
សូមបញ្ជាក់ផងដែរថា សន្និសីទនេះមានការអញ្ជើញចូលរួមដោយ លោកសាស្ត្រាចារ្យជំនួយ វ៉ា សុខគា អនុប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ សាស្ត្រាចារ្យ ក្រុមការងារ និងនិស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលរដ្ឋ-ឯកជន និងឱសថការីកំពុងប្រកបវិជ្ជាជីវៈនៅតាមបណ្តារាជធានី-ខេត្ត។