រាជធានីភ្នំពេញ៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារក្រសួងសុខាភិបាល ចូលរួមពិធីប្រកាសជាផ្លូវការ ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍ រវាងអូស្រ្តាលី និងកម្ពុជា ២០២៥-២០២៩ (Australia-Cambodia Development Partnership Plan- DPP 2025-20 នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍ រវាងអូស្រ្តាលី និងកម្ពុជា មានកម្មវត្ថុសំខាន់ៗ៣គឺ៖ ១) ភាពរឹងមាំ របស់ស្ថាប័ន និងអភិបាលកិច្ចកាន់តែប្រសើរ (Stronger Institutions and Better Governance) ២) សេវា សាធារណៈប្រកបដោយបរិយាប័ន្ន (Inclusive Public Services) ដែលរួមមានវិស័យសុខាភិបាល ផ្តោតលើការគ្របដណ្តប់សុខភាពជាសាកល និងអាហារូបត្ថម្ភ និង ៣) សេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាប័ន្ន និងនិរន្តរភាព (Resilient, Inclusive and Sustainable Economy)។
ពិធីប្រកាសជាផ្លូវការនេះ ក៏មានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីរាជការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៃរាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតអូស្រ្តាលីប្រមាណជាង៥០នាក់។