រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈម នៃគម្រោង បន្ទាប់ពីទទួលជួបជាមួយក្រុមបេសកកម្ម MTR ដែលបានចុះមកពិនិត្យ និងវាយតម្លៃការអនុវត្តការងារពាក់កណ្តាលអាណត្តិ នៃគម្រោង H-EQIP 2 ។
នៅក្នុងកិច្ចប្រជុំនេះ បានធ្វើការពិភាក្សាលើចំនុចមួយចំនួនដូចជា៖ ១) ពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាលើធាតុចូល ដែលទទួលបានពីក្រុមបេសកកម្មវាយតម្លៃពាក់កណ្ដាលអាណត្តិ នៃគម្រោង H-EQIP 2 រួមមាន៖ មូលនិធិសមធម៌សុខាភិបា ពង្រឹងគុណភាពនៃការផ្តល់សេវាសុខាភិបាល ការពង្រឹងសមត្ថភាពលើសមភាពយេនឌ័រ និងបរិយាបន្នសង្គម ការតាមដាន និងវាយតម្លៃ ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងជំងឺឆ្លង និងពង្រឹងការងារពិនិត្យ និងតាមដានជំងឺមិនឆ្លង (NCD) ២) ការកំណត់ពេលវេលាដែលត្រូវអនុវត្តតាមសកម្មភាពនីមួយៗ ៣) ស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈម ដែលបានជួបប្រទះក្នុងការអនុវត្តការងារកន្លងមក ៤) ការកំណត់ពេលវេលារៀបចំផែនការថវិកាប្រចាំឆ្នាំ២០២៦ ( AWPB 2026 ) ៥) ជំហានបន្ទាប់ ក្នុងជំរុញការអនុវត្តការងារគម្រោងបានឈានឆ្ពោះទៅតាមការគ្រោងទុក នៃពេលវេលាបិទបញ្ចប់គម្រោងនាពេលខាងមុខ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តមវេជ្ជ. ស៊ុង វិនតៈ រដ្ឋលេខាធិការ ឯកឧត្តមវេជ្ជ. ង៉ូវ កាង រដ្ឋលេខាធិការ ឯកឧត្តមវេជ្ជ. ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ នាយកដ្ឋានការពារសុខភាព នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល នាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានសុខាភិបាលឌីជីថល នៃក្រសួងសុខាភិបាល រួមទាំងក្រុមការងារពាក់ព័ន្ធ និង ឯកឧត្តម លោកជំទាវ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានី ខេត្ត ចូលរួមតាមប្រព័ន្ធ Zoom ។