Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូជប៉ុន លើកិច្ចសហប្រតិបត្តិការផ្នែកសេវាមន្ទីរពេទ្យ
ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៥

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការទទួលភារកិច្ចទំនាក់ទំនងសាធារណៈ អន្តរជាតិ តំណាងឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាល បានទទួលជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុន រួមមានតំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (Japan International Cooperation Agency,JICA, Cambodia Office) និងថ្នាក់ដឹកនាំក្រុមហ៊ុន Sunrise Healthcare Services ដែលដឹកនាំដោយ លោក MATSUSHITA Hironori ប្រធានក្រុមប្រឹក្សា Sunrise Healthcare Service Co., Ltd.។

ឯកឧត្តមរដ្ឋលេខាធិការបានពាំនាំការថ្លែងអំណរគុណពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈគណៈប្រតិភូ ជូនដល់ប្រជាជនជប៉ុន អំពីសមិទ្ធិផលជាផ្លែផ្កា ជាបន្តបន្ទាប់តាមរយៈគម្រោងអភិវឌ្ឍនានានៃវិស័យសុខាភិបាល ក្នុងនោះរួមទាំងផ្នែកសេវាមន្ទីរពេទ្យ ផ្នែកបណ្តុះបណ្តាលធនធានមនុស្សសុខាភិបាល និងការប្រឹងប្រែងចូលរួមផ្នែកឯកជនតាមរយៈមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ដែលបានរួមបង្កើតសមិទ្ធផលវេជ្ជសាស្រ្ត ការចូលរួមផ្តល់ជូនសេវាសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក MATSUSHITA Hironori ប្រធានក្រុមប្រឹក្សា Sunrise Healthcare Service Co., Ltd. បានជម្រាបជូនថា មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ដំណើរការជាគ្រឹះស្ថានឯកជន ដែលបានទទួលជំនួយផ្នែកហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន (METI) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន ដែលកំពុងបេ្តជ្ញាចិត្តនឹងប្រែក្លាយអោយបានទៅជាមន្ទីរពេទ្យឈានមុខលំដាប់ស្តង់ដារប្រទេសជប៉ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការគាំទ្រពីសុខាភិបាលកម្ពុជា។

លោក MATSUSHITA Hironori បានសម្តែងអំណរគុណដ៏ជ្រាលជ្រៅជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសុខាភិបាល ដែលតែងជួយគាំទ្រ បន្តគាំទ្រ និងថែមទាំងចង្អុលបង្ហាញទិសដៅអភិវឌ្ឍផ្នែកមន្ទីរពេទ្យឯកជន ទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងសាធារណៈ និងឯកជន រួមទាំងទិសដៅបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រតិភូនិងក្រុមការងារក៏សុំពិភាក្សាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល ទៅលើការចូលរួមនាំយកមកកម្ពុជានូវ ចំណេះដឹងកម្រិតជំនាញ និងឯកទេសផ្សេងៗអំពីសុខាភិបាល ដើម្បីអភិវឌ្ឍ និងបន្តបណ្តុះបណ្តាលធនធានមនុស្ស តាមរយះ កិច្ចព្រមព្រៀង (MoU) ជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយមានបំណងពង្រីកការបណ្តុះបណ្តាលបន្ថែមលើ ផ្នែកឱសថ គិលានុបដ្ឋាក និងឆ្មប វិទ្យុសាស្ត្រ ផ្នែកវះកាត់ប្រពន្ធ័ខួរក្បាល ខួរឆ្អឹង វិស្វកម្មវេជ្ជសាស្ត្រ បន្ថែមទៀតផងដែរ។

ចូលរួមក្នុងកិច្ចពិភាក្សាការងារនេះផងដែរ រួមមានសមាសភាពថ្នាក់ដឹកនាំក្រសួងសុខាភិបាលសំខាន់ៗទទួលភារកិច្ចសុខភាព មាតា-ទារក លោកជំទាវរដ្ឋលេខាធិការសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ ឯកឧត្តមរដ្ឋលេខាធិការវេជ្ជបណ្ឌិត សុិក ប៊ុណ្ណា ទទួលភារកិច្ចសេវាឯកជន ឯកឧត្តមអនុរដ្ឋលេខាធិការ វេជ្ជបណ្ឌិត មុឹង វណ្ណារុំ ទទួលសម្របសម្រួលបទដ្ឋានគតិយុត្តិ ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ តំណាងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17