រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដោយលោកវេជ្ជបណ្ឌិត ហូយ សេរីវឌ្ឍនៈ អគ្គនាយករងបច្ចេកទេសសុខាភិបាល និងជាមន្ត្រីបង្គោល បានអញ្ជើញចូលរួម វេទិកាជាតិសហគ្រាសមីក្រូ តូច និងមធ្យមលើកទី២ ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ក្រោមមូលបទ៖ "ការត្រៀមលក្ខណៈរបស់ សហគ្រាសមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច-MSMEs readiness for LDC graduation" ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកអគ្គរាជទូតអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងក្រសួងស្ថាប័ន សហគ្រាស អ្នកដឹកនាំធុរកិច្ច និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
ទិវាជាតិនេះត្រូវបានប្រារព្វធ្វើឡើងរយៈពេលមួយថ្ងៃពេញ ដោយមានសកម្មភាពសំខាន់ៗចំនួន ៣ រួមមាន៖
១) ការតាំងបង្ហាញនូវស្តង់ពិព័រណ៍ដែលផ្តោតសំខាន់លើយន្តការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ការ តាំងបង្ហាញនូវផលិតផលរបស់MSME និងស្តង់របស់វេទិការវេចខ្ចប់នៅកម្ពុជា។
២) រៀបចំកិច្ចពិភាក្សាលើប្រធានបទចំនួន៤ ដូចខាងក្រោម៖
- របបនិយ័តកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម
- យន្តការគាំទ្រ និងការលើកទឹកចិត្តសហគ្រាសធុនមីក្រូ តូច និងមធ្យម
- ការជំរុញផលិតផលកម្ពុជាចូលទៅកាន់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងពិពភលោក
- ការចូលទៅកាន់ទីផ្សារអន្តរជាតិ
៣) កម្មវិធីវេចខ្ចប់នៅកម្ពុជា PackTalk Cambodia។
នៅក្នុងខ្លឹមសារលិខិតរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនាឱកាសប្រារព្ធទិវាជាតិនេះ បានចង្អុលបង្ហាញថា សហគ្រាសធុនមីក្រូ តូច និងមធ្យម ពិតជាបានរួមចំណែកយ៉ាងសកម្ម និងមានតួនាទីកាន់តែធំធេង និង គន្លឹះក្នុងដំណើរឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ និងបានធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុផ្លូវការកាន់តែច្រើនដោយក្នុងនោះមានបុគ្គលស្វ័យនិយោជន៍ជាង១,៥លាននាក់ បានបើកគណនីប្រើប្រាស់ QR និងម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមជាង ៨២០.០០០ នាក់ បានទទួលសេវា ឥណទាន ស្មើនឹងជាងមួយភាគបីនៃប្រាក់កម្ចីសរុបក្នុងប្រព័ន្ធធនាគារ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា សហគ្រាសធុនមីក្រូ តូច និងមធ្យមមានចំនួនច្រើនលើសលប់ និងជាឆ្អឹងខ្នងដ៏រឹងមាំនៃសង្គម និងសេដ្ឋកិច្ចជាតិ ដែលបាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងមុខរបរ ការបង្កើនប្រាក់ចំណូល ការកាត់បន្ថយភាពក្រីក្រ និងការជំរុញការអភិវឌ្ឍប្រកបដោយ ចីរភាព បរិយាបន្ន និងភាពធន់។
កម្ពុជាបន្តទទួលកំណើនវិនិយោគពីបរទេសខ្ពស់ ហើយវិស័យឧស្សាហកម្ម ត្រូវបាន ព្យាករណ៍ថានឹងមានកំណើនក្នុងអត្រា ៧,៨% នៅឆ្នាំ២០២៥។ និន្នាការនេះបានផ្តល់នូវកាលានុវត្តភាពថ្មីៗ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការចូលរួមពង្រីកសេដ្ឋកិច្ច និងផ្សារភ្ជាប់ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ដែលកំពុងត្រូវការធាតុចូលពីក្នុងស្រុកកាន់តែច្រើន និងការបង្កើនតម្លៃបន្ថែមដែលកាន់តែមានសក្តានុពល។