Cambodia
ព័ត៌មានលំអិត

Image
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឱសថឈ្មោះកាបូតេក្រាវៀ (Cabotegravir) ដែលជាប្រភេទ ឱសថចាក់ មានសកម្មភាពយូរ សម្រាប់បង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ (CAB-PrEP)
ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឱសថឈ្មោះកាបូតេក្រាវៀ (Cabotegravir) ដែលជាប្រភេទ ឱសថចាក់ មានសកម្មភាពយូរ សម្រាប់បង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ (CAB-PrEP) ។ ពិធីនេះ មានការចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត រស់ សីលវ៉ាត់ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកស្រី Patricia Ongpin ប្រធានអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី លោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល និង ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងស្ថាប័ន អង្គភាពពាក់ព័ន្ធ។

ការប្រកាសដាក់ឱ្យប្រើប្រាស់ CAB-PrEP នេះ គឺជាផ្តល់ជាជម្រើសថ្មីមួយ ប្រកបដោយ នវានុវត្តន៍សម្រាប់ក្រុមប្រជាជនប្រឈមមុខ ដើម្បីជ្រើសរើសក្នុងការបង្ការខ្លួនពីការឆ្លងមេរោគអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព ហើយប្រទេសកម្ពុជាក៏ជាប្រទេសដំបូងគេនៅក្នុងតំបន់ដែលបានដាក់ឱ្យប្រើប្រាស់ CAB-PrEP នេះជាវិធីសាស្ត្រមួយ នៃយុទ្ធសាស្ត្របង្ការមេរោគអេដស៍ដែលមានលក្ខណៈរួមបញ្ចូលគ្នា និងផ្តល់ជម្រើសច្រើនក្នុងការបង្ការ។ ឱសថ CAB-PrEP នេះ ត្រូវចាក់រៀងរាល់ពីរខែម្តង ផ្តល់នូវជម្រើសមួយងាយស្រួល មានឯកជនភាព បន្ថែមលើជម្រើស PrEP លេប មានប្រសិទ្ធភាពខ្ពស់រហូតដល់ ៩៥% ក្នុងការបង្ការមេរោគអេដស៍។

ក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានគោរពថ្លែងអរគុណដ៏ខ្ពង់ខ្ពស់ គោរព​ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ ដែល​សម្តេច​លោក​តែង​តែ​ផ្តល់​ នូវ​ការ​គាំទ្រ​ និង​ ចូលរួម​ដល់​ គ្រប់​សកម្មភាព​ ក្នុង​ការ​ទប់ស្កាត់​ ការ​រីក​រាលដាល​នៃ​ ជំងឺ​អេដស៍​ និង​ ជួយ​ សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ ក្នុង​គ្រប់​កាលៈទេសៈ​។ លោកជំទាវ​ បាន​ថ្លែងអំណរគុណ​ផង​ដែរ​ ដល់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មន្ទីរសុខាភិបាល មន្ទីរពេទ្យ មណ្ឌលសុខភាព អង្គការដៃគូជាតិ និងអន្តរជាតិ អង្គការ UNAIDS អង្គការ CHAI អង្គការ US-CDC អង្គការ FHI360/EpiC Project អង្គការ AHF មូលនិធិសកល ស្ថានទូត​អូស្ត្រាលី​ ព្រមទាំងបណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងបណ្តាញក្រុមប្រឈម ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍ រួមទាំងកិច្ចខិតខំប្រឹងប្រែងចូលរួមផ្ដួចផ្ដើមបង្កើតឱ្យមានសេវា PrEP គ្រប់ទម្រង់ទាំង PrEP ប្រើថ្នាំលេប ប្រើថ្នាំចាក់ និងដាក់ឱ្យប្រើប្រាស់សេវាប្រើកងដាក់ក្នុងទ្វារមាសសម្រាប់ស្ត្រី នៅពេលឆាប់ៗ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16