រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារលើកកម្ពស់គុណភាព បានដឹកនាំកិច្ចប្រជុំប្រចាំខែ របស់ក្រុមការងារលើកកម្ពស់គុណភាព នៅទីស្តីការក្រសួងសុខាភិបាល ដែលមានអ្នកចូលរួមផ្ទាល់ ចំនួន៣០នាក់ និងតាមរយៈប្រព័ន្ធអនឡាញ (ZOOM) ចំនួន៧៧នាក់។
កិច្ចប្រជុំនេះមានគោលបំណង៖
១-បង្ហាញលទ្ធផល និងចែករំលែកបទពិសោធន៍សកម្មភាពកែលម្អគុណភាពរបស់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ស្តីពីការអនុវត្តតាមស្តង់ដាទទួលស្គាល់គុណភាពសេវាសុខាភិបាល ដែលមានស្តង់ដា ចំនួន ៣៦៥ ស្ថិតក្នុង១១ក្រុមគឺ៖
ស្តង់ដាក្រុមទី១៖ សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកជំងឺ និងក្រុមគ្រួសារ
ស្តង់ដាក្រុមទី២៖ ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង
ស្តង់ដាក្រុមទី៣៖ ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងការគ្រប់គ្រងហានិភ័យ
ស្តង់ដាក្រុមទី៤៖ ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ
ស្តង់ដាក្រុមទី៥ ៖ ធនធានមនុស្ស
ស្តង់ដាក្រុមទី៦៖ សេវាថែទាំអ្នកជំងឺ
ស្តង់ដាក្រុមទី៧៖ ការគ្រប់គ្រងឱសថ
ស្តង់ដាក្រុមទី៨៖ សេវារោគវិនិច្ឆ័យ
ស្តង់ដាក្រុមទី៩៖ សេវាគាំទ្រ
ស្តង់ដាក្រុមទី១០៖ បរិស្ថានសុវត្ថិភាព និងសន្តិសុខមនី្ទរពេទ្យ
ស្តង់ដាក្រុមទី១១៖ ការគ្រប់គ្រងព័ត៌មានសុខាភិបាល។
២- បង្ហាញលទ្ធផលនៃការស្ទង់មតិស្តីពីការពេញចិត្តរបស់អតិថិជនចំពោះសេវាសុខាភិបាលតាមរយៈប្រព័ន្ធលេខកូដ QR នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកនៅទូទាំងប្រទេស ព្រមទាំងមន្ទីរពេទ្យជាតិ ។ ចាប់តាំងពីការដាក់លេខកូដ QR ពីខែកុម្ភៈ ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ននេះ មានអតិថិជន/អ្នកជំងឺបានស្កេនលេខកូដ QR សរុបមានចំនួន ១០៧ ២៦៥ មតិ ហើយកម្រិតនៃការពេញចិត្តគឺ៨៤%។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយឯកឧត្តមសាស្រ្តាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារលើកកម្ពស់គុណភាព ឯកឧត្តមវេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលជាសមាជិក សមាជិកាក្រុមការងារលើកកម្ពស់គុណភាព សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជនកម្ពុជា គណៈវិជ្ជាជីវៈទាំង៥ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាលរាជធានី ខេត្ត ក្រុមអ្នកវាយតម្លៃថ្នាក់មន្ទីរសុខាភិបាលរាជធានី ខេត្ត និងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ។